ការវាយប្រហារវាងអ៊ីស្រាអែល អាមេរិក លើអ៊ឺរ៉ង់ ស្ងប់ស្ងាត់បន្តិច ក្រោយ ត្រំាប្រកាសថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះ

ភ្នពេញ៖និស្សិតខ្មែរហាត់ការ និងពលករខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា ស្ថានភាពការវាយប្រហារតបតគ្នារវាងអ៊ីស្រាអែល អាមេរិក ប្រឆាំងអ៊ឺរ៉ង់ បានធូរស្រាលបន្តិចកាលពីយប់ថ្ងៃចន្ទ ទី៩ខែមីនា ។
ការថមថយការវាយប្រហារគ្នានេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Florida នៅថ្ងៃដដែលនោះ ថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយធានាថាទីផ្សារតម្លៃប្រេងជាសកលនឹងល្អប្រសើរឡើងវិញ    ខណៈ តម្លៃប្រេងសកលហក់ឡើងដល់ជិត ១២០ដុល្លារក្នុងមួយបារ៉ែល។

កញ្ញា ភឿន សុខា និស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែល បានប្រាប់បណ្តោញព័ត៌មាន AMS ថា នៅតំបន់ដែលនាងកំពុងធ្វើការ និងរស់នៅ គឺស្ថានភាពការវាយប្រហារបានស្ងប់ស្ងាត់បន្តិចកាលពីយប់ថ្ងៃចន្ទ ប៉ុន្តែកន្លែងខ្លះនៅតែបន្តមានភាពតានតឹង។
និស្សិតដដែល បញ្ជាក់ថា ទោះបីស្ថានភាពយ៉ាងណា នាងនៅតែបន្តភាពប្រុងប្រយ័ត្ន និងការពារទុកជាមុន ។
លោក ពេជ្រ មុន្នី ពលករខ្មែរធ្វើការនៅប្រទេសអ៊ីស្រាអែល បានប្រាប់ថាតាំងពីម៉ោង១០យប់ថ្ងៃចន្ទ រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃអង្គារទី១០ខែមីនានេះមានសភាពស្ងប់ស្ងាត់ ប៉ុន្តែចាប់ពីម៉ោង៩ព្រឹក រហូតដល់រសៀលថ្ងៃអង្គារនេះ ការវាយប្រហារក៏នៅតែបន្ត ប៉ុន្តែមិនធ្ងន់ធ្ងរដូចការវាយប្រហារដំបូងៗ។
បើតាមលោកពេជ្រ មុន្នី ពលរដ្ឋនៅតំបន់ដែលលោករស់នៅ មានការចរាចរ រកស៊ី ធ្វើការជាធម្មតា ហើយលោកក៏ចាប់ផ្តើមមកបំពេញការងារជាធម្មតាតាំងពីថ្ងៃអាទិត្យ ក្រោយពីផ្អាកការងាររយៈពេលមួយសប្តាហ៍ដោយសារ ការប្រយុទ្ធគ្នា មាន សភាព ខ្លាំងក្លាពេក។
លោកបញ្ជាក់ថា នៅអ៊ូអរធម្មតា ចេញចូលធម្មតា ពេលឮសារ៉ែន នាំគ្នារត់រកកន្លែងពួន។

ពួកគេទាំងពីរនាក់ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរ និងនិស្សិតខ្មែរចំនួន៤៨៧ នាក់ កំពុងធ្វើការ និងសិក្សា នៅក្នុងតំបន់មជ្ឈិបបូព៌ាចំនួន៧ប្រទេស។  
គិតត្រឹមថ្ងៃអង្គារ៍ទី១០ ខែមីនានេះ ការវាយប្រហារគ្នារវាងអាមេរិក អ៊ីស្រាអែល ទៅលើអ៊ឺរ៉ង់ មានរយៈពេល១១ថ្ងៃហើយ ដែលបានបង្កឱ្យមនុស្សសរុបជាង១០០០នាក់បានស្លាប់ និងបាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងជា ច្រើន នៅ តំបន់ក្នុងប្រទេសមជ្ឈិមបូព៌ា។
យ៉ាងណាក៏ដោយ ពុំទាន់មាន សេចក្តីរាយការណ៍ពី គ្រោះថ្នាក់បែបណាមួយលើ ក្រុមនិស្សិត និងពលករកម្ពុជា ក្នុងប្រទេស ដែលកំពុងមានជម្លោះប្រដាប់អាវុធនេះទេ៕
ដោយ៖សៅ សុខអេង

ads banner