ជម្រកបណ្តោះអាសន្ន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក
ជម្រកបណ្តោះអាសន្នចំនួន ២០៣ខ្នង ត្រូវបានអាជ្ញាធររៀបចំប្រគល់ជូនដល់គ្រួសារជនភៀសសឹក ដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានហ៊ុមព័ទ្ធដោយកងទ័ពថៃ នៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ការផ្តល់ជូនជម្រកនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្នុងរយៈពេលកន្លងមក ដើម្បីដោះស្រាយបញ្ហាជម្រកបណ្តោះអាសន្ន ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាននៅពេលនេះ ។
ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។
ជម្រកបណ្តោះអាសន្នទាំង ២០៣ខ្នងនេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការផ្តល់ជូនជម្រកបណ្តោះអាសន្ននេះ គឺជាជំហានចំបាច់មួយក្នុងការជួយដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខរបស់ប្រជាពលរដ្ឋភៀសសឹក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តខិតខំរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី៩មីនា ពលរដ្ឋភៀសសឹកសរុបចំនួនជាង ៤ម៉ឺន ៥ពាន់នាក់ទៀតមិនទាន់អាចវិលទៅលំនៅដ្ឋានវិញនៅឡើយទេ៕
