អាមេរិក ដកនាវា និងកងម៉ារីននៅ ជប៉ុន បញ្ជូនទៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ នាវាផ្ទុកឧទ្ធម្ភាគចក្រ amphibious របស់យោធាអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រចំនួន ២,៥០០នាក់ មានមូលដ្ឋាននៅជប៉ុន
ត្រូវបានបញ្ជូនទៅកាន់មជ្ឈិមបូព៌ា ជាកន្លែងដែលសង្គ្រាមអ៊ីរ៉ង់កំពុងឡើងកំដៅ ។
ការដកនាវា និងកងទ័ពនេះ កើតឡើងបន្ទាប់ពីអាមេរិក ក៏កំពុងផ្លាស់ប្តូរទីតាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសជាច្រើនគ្រឿង ពីកូរ៉េខាងត្បូងទៅមជ្ឈិមបូព៌ាផងដែរ ។
យោងតាមប្រភពពីមន្ត្រីអាមេរិក, នាវាចម្បាំង USS Tripoli ឥឡូវនេះកំពុងឆ្ពោះទៅកាន់មជ្ឈិមបូព៌ា ។ នាវា Tripoli កំពុងឈរជើងនៅទីក្រុង Sasebo ខេត្ត Nagasaki ភាគនិរតីប្រទេសជប៉ុន ។
ជាមួយគ្នានេះ អង្គភាពបេសកកម្មដែនសមុទ្រ ទី៣១ ដែលដាក់ពង្រាយនៅខេត្ត Okinawa ភាគខាងត្បូងប្រទេសជប៉ុន ក៏ត្រូវបានបញ្ជាឱ្យឆ្ពោះទៅកាន់មជ្ឈិមបូព៌ាផងដែរ ។ អង្គភាពនេះ ត្រូវបានរំពឹងថា នឹងស្ថិតនៅលើនាវាចម្បាំង USS Tripoli ។
បើតាមកាសែត The Wall Street Journal, ក្រសួងសង្គ្រាមអាមេរិក កំពុងសំរុកបញ្ជូនកងម៉ារីន និងនាវាចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា ខណៈដែលអ៊ីរ៉ង់កំពុងបង្កើនការវាយប្រហារនៅច្រកសមុទ្រ Hormuz ។
បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ។
បើសិនច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានបិទទាំងស្រុងមែន នោះតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោក នឹងស្ទុះឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសទាំងអស់ ៕
ប្រភព ៖ NHK និង AFP ប្រែសម្រួល ៖ ឈឹម ទីណា