លោក ហ្សេលេនស្គី ចោទ រុស្ស៊ី សំងំបញ្ជូនយន្តហោះដ្រូនអត្តឃាតឱ្យ អ៊ីរ៉ង់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ចំៗថា រុស្ស៉ី កំពុងសំងំផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាត Shahed ឱ្យអ៊ីរ៉ង់យកទៅវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល ។

ដ្រូនអត្តឃាត Shahed ដែលនៅពីក្រោយការវាយប្រហារផ្សេងៗលើប្រទេសនានាក្នុងតំបន់នេះ គេជឿថា ផលិតដោយអ៊ីរ៉ង់ ហើយពួកវាត្រូវបានប្រើប្រាស់ទ្រង់ទ្រាយធំលើកដំបូង អំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ។
លោកប្រធានាធិបតី ហ្សេលេនស្គី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ CNN ចាក់ផ្សាយកាលពីថ្ងៃ សៅរ៍ ថា វាជារឿងពិត១០០ភាគរយ ដែលអ៊ីរ៉ង់បានប្រើប្រាស់ដ្រូនអត្តឃាត Shahed ផ្គត់ផ្គង់ដោយរុស្ស៉ី ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ។
យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ មិនបានបង្ហាញភស្តុតាងគាំទ្រអំណះអំណាងរបស់ខ្លួននោះទេ ហើយភ្លាមៗរុស្ស៊ីក៏មិនទាន់ធ្វើការឆ្លើយតបណាមួយចំពោះការចោទប្រកាន់របស់ទីក្រុងកៀវនោះដែរ ។
បើតាម Straits Times, អ៊ីរ៉ង់បានផលិតយន្តហោះដ្រូន Shahed នេះ ក្នុងគោលបំណងធ្វើជាអាវុធមានតម្លៃថោក តែមានសមត្ថភាពខ្ពស់ នៅក្នុងសង្គ្រាមសម័យទំនើប ជំនួសឱ្យការប្រើប្រាស់មីស៊ីលដែលមានតម្លៃថ្លៃ ។
ដំបូងឡើយ អ៊ីរ៉ង់ត្រូវបានរាយការណ៍ថា បានផ្គត់ផ្គង់យន្តហោះដ្រូន Shahed ទៅឱ្យរុស្ស៉ី តែក្រោយមក ទីក្រុងមូស្គូទទួលបានសិទ្ធិផលិតដ្រូនអត្តឃាតមួយនេះដោយខ្លួនឯង ។
ហើយបន្ទាប់ពីមើលឃើញប្រសិទ្ធិភាពខ្ពស់របស់វា ប្រទេសផ្សេងៗទៀតចាប់ផ្តើមផលិតយន្តហោះដ្រូន Shahed ផងដែរ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់ពួកវាវាយប្រហារទៅកាន់គោលដៅនានារបស់អ៊ីរ៉ង់ អំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ា ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
