លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជាកំពុងជួយយុវតីកម្ពុជាឱ្យកាន់តែរឹងមាំ
សៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានមានប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប កាលពីចុងសប្ដាហ៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក សមាជិកា និងកុមារី យុវតី របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ប្រកបដោយសុខភាពល្អ មាំមួន ការរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ល្អ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំ លើខ្លួនឯង ក្រោយពីទទួលបានការរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគម ក្នុងរយៈពេល ៤ឆ្នាំមកនេះ ។

លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀតសម្រាប់យុវតីដែលភាពរឹងមាំ និងមានចំណេះជំនាញល្អ ជាពិសេសភាសាអង់គ្លេស ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងកម្មវិធីអន្តរជាតិ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយទទួលបាននូវការចែករំលែកចំណេះដឹង ពីថ្នាក់ដឹកនាំនៃយុវជនកាយឫទ្ធិអន្តរជាតិ ដែលត្រង់ចំណុចនេះ យុវតីដទៃទៀតគួរសិក្សាស្វែងយល់ពីពួកគេ ដែលទទួលបានការលើកទឹកចិត្តទាំងនោះ ។

បើតាមលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ប្រធានកិតិ្តយសសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាបលើកឡើងថា ចាប់ពីបានបង្កើតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២មក សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ចូលសមាជិកទូទាំង ១៣ ក្រុង ស្រុក នៃខេត្តសៀមរាប ដោយមានសមាជិកសរុប ១២៥៣រូប ក្នុងនោះ សមាជិកាសកម្មចំនួន ៨៤០រូប គ្រូបង្គោលចំនួន ៣៦រូប រួមទាំងសមាជិកានិងសមាជិកគាំទ្រចំនួន ៣៧៧រូប ។

ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋានដែលបានដឹកនាំកូនៗដាំបន្លែ វេចខ្ចប់អាហារ ស្បៀងផ្សេងៗជូនវីរកងទ័ព ពលរដ្ឋភៀសសឹក ថែមទាំងផ្តល់ឱកាសបណ្តុះបណ្តាល អប់រំដល់សមាជិកាសកម្ម កូនៗ ក្មួយៗ យ៉ាងយកចិត្តទុកដាក់ ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ សមាគមកាយឫទ្ធិនារីកម្ពុជា នឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារី ពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ គឺខេត្តសៀមរាប។ មហាសន្និបាតនេះ នឹងមានវត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង១៥០ប្រទេស ចូលរួមផងដែរ ៕
ដោយ៖វណ្ណ លុក






