ក្រសួងបរិស្ថានបញ្ជាឱ្យអាជីវកម្មគ្រឿងអលង្ការ បញ្ឈប់ការចម្រាញ់មាសនៅលើទីវាល
បន្ទាប់ពីមានសេចក្តីរាយការណ៍ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។
មន្រ្តីជំនាញបានធ្វើការណែនាំអំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ តំណាងម្ចាស់ក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់ផងដែរ។
ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការ ទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទិវាលតទៅទៀត និងសំណូមពរឱ្យសាធារណជនចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនានា ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕
ដោយ៖ ង៉ាន់ ទិត្យ




