ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន

ទីក្រុងតូក្យូ៖ ឆ្លៀតក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញទៅធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍនិងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថល។

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei ជាក្រុមហ៊ុនសិក្សារៀបចំផែនការមេ (Master Plan) នៃគម្រោងសួនឌីជីថល (Digital Park) ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទឹកនិងផ្លូវដែកនៅកម្ពុជា។ រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) ដែលមានឡេតថិនស៊ីទាប (low-latency) សឺមីកុងឌុចទ័រ និងបន្ទះឈីប។ កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុន Magna Wireless មកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា។ ចំពោះជំនួបជាមួយក្រុមហ៊ុន NextMake គឺដើម្បីពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថល ជំនាន់ទី១ ដែលចេះភាសាជប៉ុន មកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជានិងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍនិងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner