អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប វាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា និងបានប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលបានទទួលការតែងតាំងជាអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី នៅកម្ពុជា។
លោកជំទាវ បានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន ការអភិវឌ្ឍដោយចីរភាព និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់បណ្តាទីភ្នាក់ងារ អ.ស.ប. ដែលបានគាំទ្រសកម្មភាពដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេសកម្ពុជា

