ក្រសួងដែនដី និងសមាគម PALEA រៀបចំសិក្ខាលើកកម្ពស់ការយល់ដឹងពីបទបញ្ញតិ និងបទដ្ឋានបច្ចេកទេសជណ្ដើរយន្ត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយសមាគមជណ្ដើរយន្ត PALEA រៀបចំសិក្ខាមួយស្តីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្ត តាមរយៈការពង្រឹងការអនុវត្ត និងសុខដុមនីយកម្មនៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យសំណង់ ដែលត្រូវគោរពគោលការណ៍៣ គឺសោភ័ណភាព សុវត្ថិភាព និងគុណភាព។ តួយ៉ាងទាក់ទិននឹងជណ្តើរយន្តនេះជាដើម គឺត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសជណ្តើរយន្តឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យសមាគមជណ្ដើរយន្ត ផលិត និងផ្សព្វផ្សាយវីដេអូអប់រំខ្លីៗ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ អំពីវិស័យសំណង់ ក៏ដូចជាបច្ចេកទេសនៃការប្រើប្រាស់ជណ្ដើរយន្តបានត្រឹមត្រូវ។
នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ មករា ២០២៦ ក្រសួងរៀបចំដែនដីបានកំណត់ថា ជណ្តើរយន្តគ្រប់ប្រភេទអាចត្រូវបានដាក់ឱ្យប្រើប្រាស់បាន លុះត្រាតែត្រូវបានដំឡើងនៅក្នុងសំណង់ ដែលមិនត្រូវបានហាមឃាត់ការប្រើប្រាស់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាងនេះទៅទៀត ជណ្តើយន្តត្រូវមានបិទវិញ្ញាបនបត្រប្រើប្រាស់ ដែលផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ព្រមទាំងត្រូវបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់តាមការកំណត់។
ក្រសួងបញ្ជាក់ថា ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជណ្តើរយន្ត ត្រូវធ្វើឡើងរៀងរាល់ពី២ឆ្នាំម្តង ហើយក្នុងករណីរកឃើញថា ជណ្តើរយន្តមានបញ្ហាបច្ចេកទេសមិនអាចធានាសុវត្ថិភាពអ្នកប្រើប្រាស់បាន អ្នកត្រួតពិនិត្យត្រូវផ្តល់អនុសាសន៍ឱ្យម្ចាស់សំណង់ចាត់ចែងជួសជុល ឬកែតម្រូវប្រព័ន្ធជណ្តើរយន្ត មុននឹងចេញរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជណ្តើរយន្តនោះ។
ឆ្លៀតក្នុងឱកាសនៃសិក្ខាសាលាអំពីសុវត្ថិភាពជណ្តើរយន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ដែលបានជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានឯកសារគោលមួយសម្រាប់ប្រើប្រាស់ជាស្តង់ដារនៅកម្ពុជា។
យោងតាមឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិសំណង់ កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាបនពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីរៀបចំឯកសារគតិយុត្ត និងបទដ្ឋានបច្ចេកទេស សំដៅលើកកម្ពស់គុណភាព និងសុវត្ថិភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។
មន្ទីរពិសោធន៍ជាតិសំណង់ នឹងបន្តសហការជាមួយស្ថាបនពាក់ព័ន្ធ ជាពិសេសសមាគមជណ្តើរយន្ត PALEA និងក្រុមហ៊ុនដំឡើងជណ្តើរយន្តក្នុងប្រទេសទាំងអស់ ដើម្បីរៀបចំបទដ្ឋានបច្ចេកទេសជណ្តើរយន្តរួមគ្នា សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕















