សម្ដេចតេជោ ហ៊ុន សែន គាំទ្រការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា គាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្រៅពីវិស័យការទូត និងនយោបាយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នាឱកាសអនុញ្ញាតឱ្យឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបនិងប្រគល់សារតាំង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំអបអរសាទរដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគី បានជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគី ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលឯកឧត្តមចង់ពង្រីកក្នុងអាណត្តិរបស់លោក ។

សម្ដេចតេជោ ហ៊ុនសែន បានគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះ ជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ ។
សម្ដេចតេជោបានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលរដ្ឋាភិបាល តែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី ៕
