ក្រសួងកសិកម្ម បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល សំដៅឱ្យប្រជាពលរដ្ឋ «មានហូប មានប្រើ មានបាន និងមានរហូត» ហើយក្រសួងកសិកម្ម នឹងបន្តអនុវត្តការងារនេះដោយដាក់នូវវិធានការសេដ្ឋកិច្ច និងមធ្យោបាយនានាថែមទៀត សំដៅផ្តល់ផលចំណេញជូនប្រជាពលរដ្ឋ។
ជាជំហានបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គិតគូរ និងផ្តោតការចាប់អារម្មណ៍ខ្ពស់ពីការផ្តល់សេវាសាធារណៈក្នុងវិស័យកសិកម្ម ដោយយល់ពីគោលដៅនៃការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោះស្រាយបញ្ហាប្រឈមប្រជាកសិករ និងលើកទឹកចិត្តបន្តការងារឱ្យកាន់តែសកម្មថែមទៀត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។
វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។ ការនាំចេញសរុបសម្រេចបានទឹកប្រាក់ជិត ៦,៥ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេ គឺជាង ៥,៦ពាន់លានដុល្លារ៕








