សិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ

ភ្នំពេញ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន ចំនួន ៣៦ សរុបប្រមាណ ១១៥នាក់ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលដែលមានភាពធន់ ដោយបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ពង្រឹងសមត្ថភាពក្នុងការការពារ និងត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន (១) អក្ខរកម្មឌីជីថល និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល (២)ការយល់ដឹងអំពីការគំរាមកំហែងរបស់បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Deepfakes (៣) ការការពារព័ត៌មានរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យឌីជីថល និង(៤)ទម្លាប់សន្តិសុខសាយប័រ (Cyber hygiene) ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព និងទំនុកចិត្តសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ស្របពេលការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងជះឥទ្ធិផលជាអវិជ្ជមានមួយចំនួនជាអាទិ៍ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់លួច ឬក្លែងបន្លំទិន្នន័យ (AI-powered phishing), ឬ Deepfake ជាដើម។

ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវផ្នត់គំនិត ដែលគួរឱ្យមានការគិតគូរ មួយចំនួនរួមមាន៖ (១). ភាពតានតឹងខាងផ្នែកនយោបាយក្នុងតំបន់ ដែលអាចជាយុទ្ធសាស្រ្តក្នុងការជំរុញការវាយប្រហារសន្តិសុខសាយប័រ, (២). ការជឿជាក់ និងការចាប់យកនូវការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហួសព្រំដែន ដែលអាចនឹងមានភាពងាយរងគ្រោះ, (៣).ការកើនឡើងនូវសមត្ថភាពរបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត, (៤).ភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលបានរៀបចំជាប្រព័ន្ធសាយប័រអេកូឡូស៊ី (cyber ecosystem), (៥). ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងភាពធន់ក្នុងកិច្ចការសន្តិសុខសាយប័រ, និង(៦). ការគិតគូរលើការបង្កើនអ្នកជំនាញសន្តិសុខសាយប័រជាដើម។ ការគិតគូរនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាល២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner