អ៊ីរ៉ង់ ផ្តាំទៅអាមេរិកថា ខ្លួនគ្មានប្រេងសល់ចែកឲ្យពិភពលោកទេ

តេហេរ៉ង់ ៖ អ៊ីរ៉ង់ ផ្តាំប្រាប់ទៅសហរដ្ឋអាមេរិកថា ខ្លួនមិនមានអតិរេកប្រេង ដើម្បីផ្តល់ឲ្យទីផ្សារពិភពលោក នោះទេ។

ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួនមិនមានប្រេងឆៅលើស ដើម្បីផ្តល់ជូនទីផ្សារអន្តរជាតិទេ។ ជាការអះអាង ឆ្លើយតបនឹង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ ដែលមាននៅលើសមុទ្រ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអាចនឹងបន្ធូរបន្ថយទណ្ឌកម្ម លើប្រេងអ៊ីរ៉ង់ ដែលផ្ទុកនៅក្នុងនាវាដឹកប្រេង ជាប់គាំងនៅឈូងសមុទ្រ ដើម្បីជំរុញការផ្គត់ផ្គង់ពិភពលោក និង ជួយឱ្យតម្លៃធ្លាក់ចុះ។
លោក Bessent បានប្រាប់ Fox News ថា មានប្រហែល ១៤០ លានបារ៉ែល ដែលអាចរក្សាតម្លៃធ្លាក់ចុះ សម្រាប់រយៈពេល ១០ ឬ ១៤ ថ្ងៃបន្ទាប់។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងប្រេងអ៊ីរ៉ង់ លោក Saman Ghoddoosi បានសរសេរ នៅលើបណ្តាញសង្គម X ថា «បច្ចុប្បន្ន អ៊ីរ៉ង់ ជាមូលដ្ឋាន មិនមានប្រេងឆៅលើស សល់នៅលើទឹក ឬ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារអន្តរជាតិផ្សេងទៀតទេ ហើយសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ សហរដ្ឋអាមេរិក មានបំណងតែមួយគត់ នោះគឺ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកទិញ» ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner