គណៈកម្មការសុរិយោដីថ្នាក់ជាតិប្រជុំដោះស្រាយវិវាទដីធ្លីនៅភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ
គណៈកម្មការសុរិយោដីថ្នាក់ជាតិបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយលើករណីវិវាទដីធ្លីមួយចំនួននៅខេត្តកណ្ដាល, រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី 19 ខែមីនា ឆ្នាំ 2026 នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើបទបង្ហាញលើករណីវិវាទសំខាន់ៗ រួមមាន៖
- ករណីវិវាទដីធ្លី នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល
- សំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម សុំមោឃភាពវិញ្ញាបនប័ត្រកាន់កាប់អចលនវត្ថុមួយចំនួនពាក់ព័ន្ធនឹងផ្ទៃអាងទឹក នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល
- ករណីស្នើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងការបិទផ្លូវសាធារណៈលេខ ១៨២៤ នៅសង្កាត់គីឡូម៉ែត្រលេខ 6 ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
- និងករណីវិវាទដីធ្លីនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបញ្ជាក់ថា ការដោះស្រាយនាពេលនេះគឺជាការដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីទាំងអស់ខាងលើតាមរយៈយន្តការរបស់គណៈកម្មការសុយោដីថ្នាក់ជាតិ ។
សម្រាប់ដំណោះស្រាយវិវាទដីធ្លីនាពេលនេះ ក្រុមការងារបានទទួលការឯកភាពពីប្រជាពលរដ្ឋរួចរាល់ និងបានដាក់ឆ្លងគណៈកម្មការសុរិយោដីថ្នាក់ជាតិដើម្បីពិនិត្យនិងសម្រេច។ សម្រាប់ការបែងចែកដីនៅឃុំកំពង់អុស គឺត្រូវធ្វើទៅតាមគោលការណ៍នគរូបនីយកម្ម មានន័យថា មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយការបែងចែកទំហំផ្ទៃដី គឺត្រូវបានបន្ថយទៅតាមចំនួនដែលអាចបែងចែកឲ្យគ្រប់គ្នាបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវប្រជុំពិភាក្សាផ្ដល់មតិយោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយករណីវិវាទខាងលើដោយប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់។ គណៈកម្មការសុរិយោដីគឺជាស្ពានចម្លងពីអង្គភាពជំនាញសុរិយោដីនិងអន្តរក្រសួង ដោយមានតួនាទីភារកិច្ចដោះស្រាយវិវាទដីធ្លីក្រោមការផ្ដល់មតិយោបល់ពីអន្តរក្រសួងនិងអង្គភាពជំនាញ ដើម្បីទទួលបានដំណោះស្រាយករណីវិវាទដ៏សមស្របមួយដែលអាចទទួលយកបាន៕
អត្ថបទ: វណ្ណា
រូបភាព: សម្បត្តិ















