សិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៅក្រុងបាត់ដំបង ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ ធីតា
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោឬធីតា(TYDA)កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលមកពីសាលាបឋមសិក្សាចំនួន៥ ស្មើនឹងចំនួន ៣ ៣៩០នាក់ ក្នុងបរិវេណសាលាបឋមសិក្សារំចេក៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកម្មវិធីខាងលើក៏មានការបណ្ដុះបណ្ដាលអំពីការថែទាំសុខភាពបឋមដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅបន្តអប់រំសុខភាពដល់សិស្សផងដែរ។ឯកឧត្តមបណ្ឌិត ពេជ សោភន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងកោតសសើរចំពោះក្រុមគ្រូពេទ្យ ធីតា ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិនថាព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុងការអនុវត្តការងារ លេខាធិការដ្ឋាននេះដើរតួនាទីជាសេនាធិការរបស់ (គ.វ.អ.) ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សានិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនាសម្ព័ន្ឋលេខាធិការដ្ឋាន (គ.វ.អ) រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការអនុវត្តការងារនេះ និងជាពិសេសគឺការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការថែរក្សាសន្តិភាពយ៉ាងរឹងមាំពិតប្រាកដរបស់ជាតិ។

បើតាមឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យធីតា បានឱ្យដឹងទៀតថា សមាគម ធីតា ដឹកនាំដោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត អស់រយៈពេល១៤ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឯកឧត្តមវេជ្ជបណ្ឌិតបានដឹកនាំគ្រូពេទ្យជិត ៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគម ជាពិសេសគឺការបង្ខិតសេវាសុខភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង៕
ដោយ៖វណ្ណលុក,អ៊ុក សំអាន បប.





