សូគីមិចប្រកាសផ្អាកផ្គត់ផ្គង់ហ្គាស់ តែរដ្ឋមន្រ្តីថាមពលប្រាប់ថា កម្ពុជាមានប្រភពផ្សេងទៀត
បន្ទាប់ពីក្រុមហ៊ុនសូគីមិច បានប្រកាសផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានៅតែមានហ្កាស់ប្រើប្រាស់ពីប្រភពដទៃដដែល ព្រោះក្រុមហ៊ុនសូគីមិចមានចំណែកទីផ្សារតែ៣%ប៉ុណ្ណោះ។ ឯកឧត្តមបានអំពាវនាវកុំឲ្យអ្នកប្រើប្រាស់ហ្គាសមានការព្រួយបារម្ភ។
ឧស្ម័ន LPG គឺជាប្រភពឧស្ម័នឥន្ធនៈរាវ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជាសម្រាប់ការចម្អិនអាហារ ដំណើរការយានយន្តមួយចំនួន និងប្រើនៅតាមរោងចក្រនានា។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២១ ខែមីនា ក្រុមហ៊ុន សូគីមិច បានបញ្ជាក់ថា ស្ថានភាពសង្រ្គាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ាបានប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ហ LPG នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នា។
ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន សូគីមិច មិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មកម៉្លេះ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័នដល់អតិថិជនតាមតម្រូវការទីផ្សារបានឡើយ។ ដូច្នេះ ក្រុមហ៊ុននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃតី០១ ខែមេសាឆ្នាំ២០២៦ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
វិបត្តិសង្រ្គាមនៅមជ្ឈឹមបូព៌ាបានធ្វើឲ្យតម្លៃហ្គាស និងប្រេងឥន្ទៈកើនឡើងយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី របស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគមួយចំនួន ដូចជាលោកបណ្ឌិត ជ័យ តិច ជាដើម បានលើកឡើងថា ប្រសិនបើស្ថានភាពខ្វះខាតការផ្គត់ផ្គង់ប្រេងសាំង និងម៉ាស៊ូតពីសំណាក់ក្រុមហ៊ុនធំៗនៅបន្តទៅទៀតនោះ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញវិធានការបន្ទាន់ និងមុតស្រួចបន្ថែមទៀត លើវិធានការដែលមានស្រាប់។
លោកបណ្ឌិត ជ័យ តិច បានលើកឡើងថា ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតឡើង រដ្ឋាភិបាលគួរគិតគូររៀបចំរបៀបរបបការងារ និងការសិក្សាឡើងវិញ ដូចជាកាត់បន្ថយថ្ងៃធ្វើការនៅស្ថាប័នផ្ទាល់ ហើយជំនួសមកវិញនូវការបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ។ ចំណែកឯវិស័យអប់រំ ក៏គួរមានការកាត់បន្ថយថ្ងៃសិក្សានៅសាលា ដោយប្តូរទៅរៀនតាមប្រព័ន្ធអនឡាញវិញ។
ចំណែកលោកបណ្ឌិត ប៉ា ច័ន្ទរឿន វិញយល់ឃើញថា រាជរដ្ឋាភិបាលគួរពង្រីកប្រភពផ្គត់ផ្គង់ប្រេងពីក្រៅឲ្យបានកាន់តែច្រើន ដើម្បីធានាសន្តិសុខថាមពល ព្រមទាំងអនុវត្តវិធានការសន្សំសំចៃ ដោយកាត់បន្ថយការប្រើប្រាស់មិនចាំបាច់នានា។ ជាមួយគ្នានេះ រដ្ឋអាចយកវិបត្តិនេះជាឱកាសលើកកម្ពស់ការប្រើថាមពលពន្លឺព្រះអាទិត្យ និងពង្រីកបណ្តាញដឹកជញ្ជូនសាធារណៈ៕
ដោយ៖ ង៉ាន់ ទិត្យ និងទួន សុផល