ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” វគ្គទី២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៤​ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលក្នុងការពង្រឹងមានភាពធន់ និងបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ព្រមទាំងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម័យឌីជីថល ត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន អភិបាលកិច្ច និងបច្ចេកទេសសន្តិសុខសាយប័រ ដែលប្រធានបទពាក់ព័ន្ធរួមមាន (១).ទិដ្ឋភាពសន្តិសុខសាយប័រក្នុងតំបន់ មានទាំងការវាយប្រហារទូទៅ និងវិធីសាស្រ្តការពារ,(២).ការកសាងអភិបាលកិច្ចនិងសមត្ថភាព, (៣).ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃ ការរៀបចំសិក្ខាសាលានេះ ដែលបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព និងទំនុកចិត្តសាធារណៈ។
ការរៀបចំសិក្ខាសាលានេះ ដែលរៀបចំឡើងដោយ ក.ប.ទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសថ្នាក់ដឹកនាំសម័យឌីជីថលដែលទាមទារចាំបាច់ និងស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាល២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហ៍កម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

  ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner