កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនជាង១២%ក្នុងឆ្នាំ២០២៥

ទំនិញចេញ-ចូលកម្ពុជាប្រមាណជាង៧០ភាគរយបានឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលពេលនេះកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាព តាមរយៈជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា​ប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលកុងតឺន័រឆ្លងកាត់ជាង១,៣៤ លាន TEUs គឺកើនជាង១២% បើធៀបនឹងឆ្នាំ២០២៤។ ការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានចំពោះគម្រោងដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) នារសៀនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

សមត្ថភាពរបស់កំពង់ផែនឹងកើឡើងថែមទៀត នៅពេលចំណតផែ​កុងតឺន័រ​ទឹកជ្រៅថ្មី​ជំហានទី១ ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានជប៉ុន នឹងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៧។ បច្ចុប្បន្ន ការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

នៅពេលដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៧ សមត្ថភាពផែសរុបកើនដល់ ១,៤៥លាន TEUs ក្នុងមួយឆ្នាំ ហើយនឹងក្លាយជាកំពង់ផែស្នូលក្នុងការតភ្ជាប់ផ្លូវនាវា។ ចំណតផែកុងតឺន័រទឹកជ្រៅនេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣% ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

ឯកឧត្តម លូ គឹមឈន់ មានប្រសាសន៍ថា សព្វថ្ងៃនេះ នាវាកុងតឺន័រមកពីគ្រប់តំបន់ បានឆ្លងកាត់កំពង់ផែពហុបំណងនេះ។ ទំនិញចេញ-ចូលកំពង់ផែនេះសព្វថ្ងៃមានប្រមាណជាង៧០%ទៅហើយ។

ឯកឧត្តម ក៏បានបង្ហើបពីគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ ដែលគ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ជាមួយសមត្ថភាពទទួលកុងតឺន័ររហូត ២លានTEUs ក្នុងមួយឆ្នាំ។ រីចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី៣ ក្នុងផែនការឆ្នាំ២០៣០ អាចមានសមត្ថភាពទទួលកុងតឺន័រប្រមាណជាង ២លាន៦២ម៉ឺនTEUs ក្នុងមួយឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅក្រោយឆ្នាំ២០៣០ កំពង់ផែស្វយ័តអន្តរជាតិរបស់កម្ពុជាមួយនេះ នឹងប្រែក្លាយសមត្ថភាពទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner