ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងព្រះសីហនុ
ភ្នំពេញ៖ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៥០នាក់ត្រូវបាន ឃាត់ខ្លួន នៅទីតាំងចំនួន៤ក្នុងចំណោមទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន២៦ ក្នុង ប្រតិបត្តិការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)របស់ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។
ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែលបណ្ដាញព័ត៌មានAMSទទួល បាននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្ត ព្រះសីហនុ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យ លេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០ នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់), ជនជាតិឥណ្ឌា ចំនួន ៥ នាក់ (ស្រី្ត ២ នាក់), ជនជាតិបង់ក្លាដេស ចំនួន ៣ នាក់, ជនជាតិប៉ាគីស្ថាន ចំនួន ២ នាក់ និងស្រ្តីជនជាតិភូមា ចំនួន ១ នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ប្រភពដដែលបន្តថា ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារ បានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារៈ សង្ស័យ ពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញរួមមាន កុំព្យូទ័រ លើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព)សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី , សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕



ដោយ៖មុនី