នគរសង្ក្រាន្ដ ៖ ស.ស.យ.ក ទទួលបន្ទុកការតុបតែង រដ្ឋបាលរាជធានីភ្នំពេញធានាផ្នែកសន្តិសុខ
ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក) ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។ ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញវិញ ទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី២៥មីនា នៅពេលដឹកនាំអង្គប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយមានការចូលរួមពីតំណាងសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព យ៉ាងម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ឯកឧត្ដមបានណែនាំឱ្យកងកម្លាំង និងអាជ្ញាធរគ្រប់ផ្នែក ខិតខំធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិ និងប្រជាជនយើង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នគរសង្រ្កាន្ត នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា នៅ៦ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ផ្លូវថ្មើជើងចតុមុខ និងនៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក៣កន្លែងទៀត មានលកខណៈតូចៗ គឺនៅសួនមុខវត្តបុទម វតី, បាសាក់លេននៅផ្លូវ៣០៨ និងនៅផ្លូវលេខ១៥៥ និងនៅជុំវិញផ្សារទួលទំពូង។
សូមបញ្ជាក់ថា ការរៀបចំនគរសង្រ្កាន្តនៅឆ្នាំនេះ គឺដើម្បីអបអរឆ្នាំថ្មីផង និងរំលឹកដឹងគុណដល់វីរកងទ័ពផង។ ព្រឹត្តិការណ៍នេះផ្សារភ្ជាប់យ៉ាងពិសេសជាមួយបងប្អូនវីរកងទ័ព និងបងប្អូនភាសសឹក តាមរយៈការផ្ញើសំបុត្រដឹងគុណ ការរៀបចំស្បៀង និងការផ្តល់ស្តង់លក់ដូរដោយឥតគិតថ្លៃ៕









ហេង សម្បត្តិ