តៃវ៉ាន់ រំអុក អាមេរិក ពន្លឿនបញ្ជូនអាវុធឲ្យខ្លួន
តៃប៉ិក ៖ តៃវ៉ាន់បានរំអុកទៅកាន់សហរដ្ឋអាមេរិកឲ្យពន្លឿនការដឹកជញ្ជូនគ្រឿងសព្វាវុធដែលទីក្រុងវ៉ាស៊ីនធ្លាប់បានពន្យារពេល ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ។ នេះបើតាម The Straits Times ចេញផ្សាយនៅថ្ងៃពុធនេះ ។
ការរំអុករបស់តៃវ៉ាន់កើតមានឡើង បន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ពីការរកឃើញយន្តហោះយោធាចំនួន ៣០ គ្រឿង និងនាវាចំនួន ៩ គ្រឿងរបស់ប្រទេសចិន បានឆ្លងកាត់ក្បែរកោះមួយនេះកាលពីសប្តាហ៍មុន ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo និយាយថា សហរដ្ឋអាមេរិកគួរតែមានស្មារតីបន្ទាន់ដើម្បីជួយកោះតៃវ៉ាន់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសអាមេរិកគួរតែខិតខំប្រឹងប្រែងជួយពន្លឿនការដឹកជញ្ជូនអាវុធដែលបានពន្យារពេលមកកាន់តៃវ៉ាន់ផងដែរ ។
បើតាម Anadolu, កោះតៃវ៉ាន់ ដែលកំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាយក្សចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗ ក្នុងការទទួលបានប្រព័ន្ធអាវុធ ដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ។
ភាពយឺតយ៉ាវចម្បងមួយ គឺការបញ្ជាទិញកាលពីឆ្នាំ ២០១៩ នូវយន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៦៦ គ្រឿង ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ អាវុធ និងប្រព័ន្ធរ៉ាដាកាន់តែទំនើប ។
សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន ប៉ុន្តែក៏បន្តមានទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ផងដែរ ។
យ៉ាងណា ចិនដែលទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មិនបានច្រានចោលការប្រើកម្លាំង ដើម្បីយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ប៉ុន្តែតៃវ៉ាន់នៅតែបន្តច្រានចោល ដោយអះអាងថា មានតែប្រជាជនខ្លួនប៉ុណ្ណោះ ដែលគួរសម្រេចជោគវាសនារបស់កោះនេះ ៕
ប្រភព ៖ Straits Times និង Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា



