មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍មកពីខេត្តចំនួន៧ ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល
ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីឱ្យយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ផ្តល់លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងសេវាផ្សេងៗតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករដែលធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាទូរគមនាគមន៍។ សិក្ខាសាលានេះមិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈនយោបាយ ដ៏មុតមាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងបំលែងរដ្ឋាភិបាលឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលយកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អជាស្នូល។

ក្នុងបរិបទបច្ចុប្បន្ន សេវាសាធារណៈមិនអាចបន្តអនុវត្តតាមបែបប្រពៃណី ដែលចំណាយពេលយូរ មាននីតិវិធីស្មុគស្មាញ និងងាយប្រឈមនឹងហានិភ័យ នៃអំពើមិនប្រក្រតីណាមួយឡើយ។ ការផ្លាស់ប្ដូរទៅជាប្រព័ន្ធឌីជីថល មិនមែនគ្រាន់តែជាការធ្វើទំនើបកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនប្រសិទ្ធភាពការងារបានលឿន និងកាត់បន្ថយការយឺតយ៉ាវ មានតម្លាភាព ក្នុងការផ្តល់ទំនុកចិត្តជូនអ្នកប្រើប្រាស់ ដែលមកទទួលសេវា និងមានភាពងាយស្រួលក្នុងការកាត់បន្ថយការធ្វើដំណើរ និងការចំណាយមិនចាំបាច់របស់អ្នកប្រើប្រាស់។
ដោយ៖ង៉ាន់ ទិត្យ





