មនុស្ស ១.២ លាននាក់ បង្ខំចិត្តភៀសខ្លួន ខណៈអ៊ីស្រាអែលពង្រីកការវាយលុកនៅលីបង់

បេរូត ៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ១.២ លាននាក់នៅក្នុងប្រទេសលីបង់ បង្ខំចិត្តរត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការកើនឡើងជម្លោះរវាងលីបង់ និងអ៊ីស្រាអែល នៅថ្ងៃទី២ ខែមីនា ។

ទន្ទឹមនេះ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានព្រមានថា ប្រទេសលីបង់កំពុងប្រឈមនឹងការគំរាមកំហែងនៃគ្រោះមហន្តរាយមនុស្សធម៌ ខណៈដែលអ៊ីស្រាអែល ពង្រីកការទម្លាក់គ្រាប់បែក និងការឈ្លានពានជើងគោកអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ។

ការព្រមានរបស់អង្គការសហប្រជាជាតិ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសពីផែនការពង្រីកការឈ្លានពានជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដោយនិយាយថា យោធានឹងបង្កើតតំបន់ទ្រនាប់ធំមួយនៅក្នុងទឹកដីលីបង់ ។

ជាការឆ្លើយតប ក្រុមសិទ្ធិមនុស្សបានថ្កោលទោសការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងបានព្រមានថា ការរារាំងជនស៊ីវិលលីបង់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅភាគខាងត្បូងវិញ នឹងបង្កជាឧក្រិដ្ឋកម្មសង្រ្គាមនៃការផ្លាស់ទីលំនៅដោយបង្ខំ ។

ជាមួយគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បាននិយាយដែរថា យុទ្ធសាស្ត្រនៃការបណ្តេញជនស៊ីវិលដ៏ធំរបស់អ៊ីស្រាអែលនៅលីបង់ នឹងបង្កើនហានិភ័យធ្ងន់ធ្ងរនៃការផ្លាស់ទីលំនៅដោយបង្ខំ ហើយសកម្មភាពនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner