ជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់ ពឹងផ្អែកខ្លាំងលើត្រពាំងទឹកធម្មជាតិនៅរដូវប្រាំង
ត្រពាំងទឹកចំនួន ២៤ ក្នុងតំបន់គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជ្រើសរើសដើម្បីស្តារ និងពិនិត្យតាមដានជីវៈចម្រុះ សំដៅធ្វើយ៉ាងណាទ្រទ្រង់ដល់សត្វគ្រប់ប្រភេទ ជាពិសេសតាមរយៈតួនាទីជាប្រភពផ្តល់អាហារ និងទឹកផឹកនៅរដូវប្រាំងខាងមុខនេះ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែឧសភា គឺជាអំឡុងពេលដែលសត្វព្រៃកម្រនៅតាមតំបន់ដែនជម្រកសត្វព្រៃ ពឹងពាក់បំផុតទៅលើប្រភពទឹក ពិសេសត្រពាំងទឹកធម្មជាតិសម្រាប់រកចំណី និងទឹកផឹក។ ហេតុនេះ ការស្តារត្រពាំងទឹកតាមដែនជម្រកសត្វព្រៃ គឺជារឿងមួយមិនអាចមើលរំលងបានដាច់ខាត។
លោកបានបញ្ជាក់ផងដែរថា ការស្តារត្រពាំងទឹកនាពេលកន្លងមកត្រូវចំណាយថវិកាប្រមាណ ២ ៨០០ដុល្លារក្នុងត្រពាំងទឹកមួយ។ ត្រពាំងទឹកនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ៣០ម៉ែត្រគុណ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំងខ្ទះ ពោលគឺជម្រៅពី៣០ទៅ៧៥សង់ទីម៉ែត្រ។ ត្រពាំងទឹកទាំងនេះមានអត្ថប្រយោជន៍មិនត្រឹមតែសម្រាប់សត្វព្រៃទេ សត្វចិញ្ចឹមរបស់ពលរដ្ឋសហគមន៍ដូចជាគោ ក្របីក៏បានពឹងអាស្រ័យលើត្រពាំងទឹកធម្មជាតិទាំងនេះដែរ។
នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានចាត់ទុកថា ដែនជម្រកសត្វព្រៃលំផាត់ជាតំបន់ពិសេសសម្រាប់ខេត្តមណ្ឌលគិរី និងរតនគិរីក្នុងកិច្ចការអភិរក្សព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃនៅកម្ពុជា។
ដោយឡែកឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ក្នុងការងារស្ដារត្រពាំងនេះ គេពុំប្រើគ្រឿងចក្រទេ ដើម្បីកុំឱ្យសត្វព្រៃផ្អើល និងភ័យខ្លាច។ ពលរដ្ឋសហគមន៍គឺជាអ្នកជួយជីកស្តារ ដោយទទួលបានប្រាក់កម្រៃតបស្នងវិញផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ការស្តារត្រពាំងធម្មជាតិទាំងនេះ គឺធ្វើឡើងដើម្បីជាប្រភពចំណី និងទឹកដល់សត្វ ទាំងសត្វស្លាប និងសត្វជើង៤ អាស្រ័យផលក្នុងព្រៃ ជាពិសេសនៅរដូវប្រាំង ដែលមានការខ្វះខាតទឹកសម្រាប់ផឹក។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាជម្រកសំខាន់ចុងក្រោយសម្រាប់សត្វកម្រៗជិតផុតពូជច្រើនប្រភេទ។
បើតាមសេចក្តីប្រកាសរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រពាំងជីកស្តារចំនួន ១៩ និងត្រពាំងធម្មជាតិចំនួន២ ត្រូវបានពិនិត្យតាមដានដោយផ្ទាល់ និងតាមរយៈកាមេរ៉ាស្វ័យប្រវត្តិ ដែលត្រូវបានដាក់នៅទីតាំងត្រពាំងនារដូវប្រាំងចាប់ពី ខែធ្នូ ដល់ ខែឧសភា។
ជាលទ្ធផល ការកត់ត្រាក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញវត្តមានសត្វព្រៃចំនួន៣៤ ប្រភេទពីត្រពាំងទាំង២៤នេះ រួមទាំងសត្វស្លាប សត្វក្រចកជើងជំពាម អំបូរពានរ និងប្រភេទសត្វល្មូនដទៃទៀត។ សត្វមួយចំនួនត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ ឬជិតផុតពូជបំផុត ហើយមួយចំនួនទៀតជាប្រភេទសត្វកំពុងរងគ្រោះ ឬជិតរងការគំរាមកំហែង៕







ដោយ៖ម៉ាដេប៉ូ