រុស្ស៊ី ថា អាមេរិកជំរុញក្រុងកៀវ ឱ្យសម្របសម្រួល ជាមួយក្រុងមូស្គូ

មូស្គូ ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានអះអាងថា អាមេរិកបានជំរុញឲ្យ ទីក្រុងកៀវ សម្របសម្រួលជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃពុធនេះ។

លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន TASS នៅខាងក្រៅសន្និសីទរុស្ស៊ី-អ៊ូសបេគីស្ថាន ដែលរៀបចំដោយក្លឹបពិភាក្សាអន្តរជាតិ Valdai និង វិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរតំបន់។

លោកបាននិយាយថា «យើងជឿថា វាចាំបាច់ ដើម្បីធ្វើកិច្ចសន្ទនា ក្នុងក្របខណ្ឌនៃទម្រង់ត្រីភាគីនេះ ដោយផ្អែកលើការយល់ដឹងគ្នា ទៅវិញទៅមក ដែលសម្រេចបាន ដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និង ប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅរដ្ឋ Alaska កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំមុន» ។

លោកបន្តថា «អាមេរិក បានស្នើគំនិតសម្របសម្រួលមួយចំនួន…យើងបានទទួលយក និងយល់ស្របជាមួយនឹងគំនិតទាំងនេះ។ សារៈសំខាន់នៃគំនិតទាំងនេះ គឺ ថា ពួកគេផ្តោតលើបញ្ហាស្នូល មូលហេតុនៃជម្លោះ និងតម្រូវការដើម្បីដោះស្រាយ ក៏ដូចជា ស្ថានភាព នៅលើទឹកដី។ ឥឡូវនេះ ភារកិច្ច គឺសម្រាប់អាមេរិក ដើម្បីធានាកិច្ចព្រមព្រៀង របស់ភាគីអ៊ុយក្រែន ចំពោះសំណើទាំងនេះ។ ដូចដែលយើងយល់ថា អាមេរិកកំពុងធ្វើការជាមួយអ្នកការទូត ក្នុងទិសដៅនេះ»។

សម្រាប់លោក Zelensky ដែលបាននិយាយថា លោកមិនមានចេតនា ដកកងទ័ពចេញពីតំបន់ Donbass, លោក Galuzin បានកត់សម្គាល់ ដោយសង្កត់ធ្ងន់ថា «នេះមិនមែនជាការយល់ដឹង ដែលសម្រេច នៅក្នុងរដ្ឋ Alaska នោះទេ។ ដូច្នេះហើយ យើងបន្តពីការសន្មត់ថា ភាគីអាមេរិក បច្ចុប្បន្ន កំពុងធ្វើការជាមួយទីក្រុងកៀវ ដើម្បីធានាការយល់ព្រម»៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner