NASA បញ្ជូនអវកាសយានិកវិលទៅភពព្រះចន្ទលើកដំបូងក្នុងពេល ៥០ ឆ្នាំ
វ៉ាស៊ីនតោន ៖ ទីបំផុត ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនអវកាសយានិកចំនួន ៤ នាក់ វិលត្រឡប់ទៅគោចរសាជាថ្មី ជុំវិញភពព្រះចន្ទ ដែលនេះជាការហោះហើរអវកាសលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ ។
ការហោះហើរអវកាសចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់ភពព្រះចន្ទ គឺកាលពីជំនាន់បេសកកម្ម Apollo 17 ក្នុងឆ្នាំ ១៩៧២ ។
បើតាម NHK, រ៉ុក្កែតដែលផ្ទុកអវកាសយានិកទាំង ៤ នាក់ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Cape Canaveral ក្នុងរដ្ឋ Florida ទៅកាន់ទីអវកាស នៅម៉ោង ៦និង៣៥ល្ងាច (ម៉ោងក្នុងតំបន់) កាលពីថ្ងៃ ពុធ ។
ការហោះហើរអវកាសនេះ គឺជាផ្នែកមួយនៃបេសកកម្មអន្តរជាតិ Artemis ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។ យោងតាមផែនការ, អវកាសយានិកទាំង ៤ នាក់ នឹងហោះហើរជុំវិញភពព្រះចន្ទ ហើយវិលត្រឡប់មកផែនដីវិញ បន្ទាប់ពីចំណាយពេល ១០ថ្ងៃ ។
លើកនេះ អវកាសយានិកនឹងមិនចុះចតលើផ្ទៃភពព្រះចន្ទទេ ប៉ុន្តែពួកគេនឹងបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការធ្វើដំណើរឆ្ងាយបំផុតពីផែនដីជាងអវកាសយានិកអាមេរិកណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ។
គួរបញ្ជាក់ថា យានអវកាស Orion ក៏កំពុងត្រៀមខ្លួនហោះហើរទៅកាន់ភពព្រះចន្ទផងដែរ ដើម្បីសាកល្បងសមត្ថភាពសំខាន់ៗរបស់យាន រួមមានប្រព័ន្ធទ្រទ្រង់ជីវិត និងការទំនាក់ទំនងជាមួយផែនដី ខណៈមន្ត្រីណាសាចង់បញ្ជូនអវកាសយានិកទៅជាន់ផ្ទៃភពព្រះចន្ទនៅឆ្នាំ ២០២៨ ខាងមុខ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
