កម្ពុជា-ឡាវ ឯកភាពគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងឡាវ បានឯកភាពគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលសម្រេចបានស្ទើរតែទាំងស្រុងហើយនោះ ជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាមរតកសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។ ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម កែវ ពិសិដ្ឋ អ្នកនាំពាក្យសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី។

សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានលើកឡើងថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឲ្យបានរឹងមាំ។ សម្តេចបន្ថែមថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀតខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។

ឯកឧត្តមប្រធានគណៈប្រតិភូឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់ការងារក្នុងឱកាសនេះ។ ឯកឧត្តម វៀងថាវិសុន ទេពផាច័ន្ទ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍភាព និងការីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ និងឯកជន ហើយនៅចុងខែមេសានេះ កម្ពុជានឹងសម្ពោធដំណាក់កាលទី២ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសក្តានុពលបន្ថែមទៀតរបស់កម្ពុជា។

ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណៈប្រតិភូ និងអាជ្ញាធរសវនកម្មកម្ពុជា ដែលក្នុងនោះ ស្ថាប័នសំខាន់នៃប្រទេសទាំងពីរ បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត។

ទាក់ទងនឹងការងារសវនកម្ម សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សវនកម្មមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមកសាងប្រទេសជាតិ ជាពិសេសក្នុងការធានាអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងភាពធន់របស់ជាតិ។ អភិបាលកិច្ចល្អ នៅតែជាអាទិភាពស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចមានជំនឿថា នេះក៏ជាស្ថានភាពដូចគ្នាសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ ស្ថាប័នសវនកម្មរឹងមាំ គឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវាអាចកសាងទំនុកចិត្តដល់វិនិយោគិន និងភាពជឿជាក់លើស្ថាប័នរដ្ឋ ក្នុងបរិយាកាសសកលដែលកាន់តែស្មុគស្មាញដូចបច្ចុប្បន្ន៕

ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner