សម្ដេចតេជោសរសើរសមាគមជប៉ុន-កម្ពុជា ចំពោះការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
បន្ទាប់ពីជំនួបនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា លោកប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថា រាល់ពេលមកកម្ពុជា លោក និងសហការី តែងតែសង្កេតឃើញការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ហើយលោកមានមោទនភាពដែលបានចូលរួមក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា។
លោក តាកាយ៉ាស៊ី ហ្វូមីអាគី ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្ដានុពលរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលសមាគមកំពុងជំរុញឱ្យមានការវិនិយោគកាន់តែច្រើន។ លើសពីនេះ លោកបានកោតសរសើរដល់ធនធានធម្មជាតិដ៏អំណោយផលរបស់កម្ពុជា ដែលអាចរួមផ្សំជាមួយបច្ចេកវិទ្យារបស់ជប៉ុន ដើម្បីបង្កើតបាននូវផលិតផលជាច្រើនទៀតសម្រាប់នាំចេញទៅក្រៅប្រទេស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានសមាគម និងសហការី ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគម ដែលចាប់តាំងពីការបង្កើតមក បានចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ សម្ដេចបានលើកឡើងថា ការរួមចំណែករបស់សមាគមជប៉ុន-កម្ពុជា គឺជាផ្នែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ខណៈរដ្ឋាភិបាលជប៉ុនក៏បានបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាយ៉ាងសកម្មផងដែរ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដោយចាត់ទុកថា វិស័យនេះជាចលករសំខាន់សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចជាតិ ហើយបានជំរុញឱ្យមានការវិនិយោគបន្ថែមកាន់តែច្រើន។
សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ពីប្រមាណ ១ពាន់ ៤០០លានដុល្លារ នៅឆ្នាំ២០១៧ ដល់ ២ពាន់ ២០០លានដុល្លារ នៅឆ្នាំ២០២៤។
ក្រុមហ៊ុនជប៉ុនធំៗ ដូចជា Minebea, AEON និង Toyota កំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា និងបន្តពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៤ មានក្រុមហ៊ុនជប៉ុនចំនួន ៩០ បានចុះបញ្ជីនៅកម្ពុជា ពោលគឺកើនឡើងេជាង ២០% បើប្រៀបធៀបនឹងឆ្នាំ២០២៣៕








អត្ថបទ៖ វណ្ណលុក