រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ ចំពេលតានតឹងនៅមជ្ឈិមបូព៌ា
មូស្គូ ៖ ស្របពេលតំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពតានតឹង រុស្ស៊ីបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់មីស៊ីលផ្លោងអន្តរទ្វីប Yars ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរនៅតំបន់ស៊ីបេរី ។
ការធ្វើសមយុទ្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់រុស្ស៊ីកើតមានឡើង ចំពេលដែលសង្គ្រាមអ៊ុយក្រែន មិនទាន់មានសញ្ញា បិទបញ្ចប់ ដោយបានអូសបន្លាយពេល ជាង ៤ ឆ្នាំមកហើយ ។
សមយុទ្ធនេះក៏ធ្វើឡើង ចំពេលដែលផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលផ្តើមចេញពីការវាយប្រហាររួមគ្នា របស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ក្រុមកងកម្លាំងជំនាញមីស៊ីលនុយក្លេអ៊ែរ បានអនុវត្តសកម្មភាពជាច្រើន រួមទាំងការហាត់សម ឆ្លើយតបទៅនឹងការក្លែងបន្លំនៃការវាយប្រហាររបស់សត្រូវ ព្រមទាំង ការប្រឆាំងនឹងអាវុធ វាយប្រហារតាមអាកាសផងដែរ ។
បើតាម Straitstimes, រុស្ស៊ី តែងតែធ្វើសមយុទ្ធ ជាទៀងទាត់ សម្រាប់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសាកល្បង ការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ និង បញ្ជូនសញ្ញាព្រមាន ទៅកាន់លោកខាងលិច ចំពេលដែលទីក្រុងមូស្គូមានភាពតានតឹងខ្លាំង ជាមួយសត្រូវ អង្គការ ណាតូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ៕
ប្រភពពី straitstimes ប្រែសម្រួល ៖ សារ៉ាត