ស៊ុយអែត ចាយជិត ១ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូន
ស្តុកខុល ៖ ប្រទេសស៊ុយអែត មានផែនការដកលុយចេញពីហោប៉ៅជិត ១ ពាន់លានដុល្លារ យកទៅទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូនទំនើបៗពីក្រុមហ៊ុនការពារជាតិ Saab និងក្រុមហ៊ុន BAE Systems ។
បើតាម Straits Times, កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ ស៊ុយអែតនឹងយកទៅបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះដ្រូនប្រភេទ Gute II ដែលជាប្រព័ន្ធបច្ចេកវិទ្យារ៉ាដា និងកាំភ្លើងធំដែលអាចដំឡើងនៅនឹងកន្លែង ឬនៅលើរថយន្តចល័ត ។
ប្រព័ន្ធនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីការពារអង្គភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជារោងចក្រថាមពលនុយក្លេអ៊ែ និងផ្លូវដែកជាដើម។
យោងតាមរ៉យទ័រ, ថវិកាមួយផ្នែកទៀត ស៊ុយអែតនឹងយកទៅទិញគ្រាប់រំសេវ និងរថយន្តយោធាដឹកជញ្ជូនកងទ័ពពីក្រុមហ៊ុន Sisu របស់ហ្វាំងឡង់ ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅឆ្នាំ២០២៧ និង ២០២៨ ។
ថ្លែងគាំទ្រផែនការចំណាយដ៏ធំនេះ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានសង្កត់ធ្ងន់ថា វាមានសារសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការវិនិយោគលើសមត្ថភាពការពារដែនអាកាស ។
លោកថា ការបង្កើនសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស គឺជាអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាល ហើយយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិស៊ុយអែត ។
ស៊ុយអែត ក៏ដូចគ្នាទៅនឹងបណ្តាប្រទេសអឺរ៉ុបដទៃទៀតផងដែរ គឺកំពុងដាក់មហិច្ឆតាបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២,៨% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៦ នេះ ហើយគ្រោងនឹងជំរុញឱ្យហក់ឡើងដល់ ៣,៥% នៅឆ្នាំ ២០៣០ ដើម្បីឆ្លើយតបការគំរាមកំហែងកើតចេញពីសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ៕
ប្រភព ៖ Straits Times និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា