អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេលដែលអាជ្ញាធខេត្តចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្កេមអនឡាញ(online scam) មួយកន្លែងស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានជនបរទេសប្រុសស្រីចំនួន១២១នាក់ ។
ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រាប់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៤ ខែមេសាបានឱ្យដឹងថា ក្នុងសកម្មភាពចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្កេមអនឡាញ(online scam) មួយកន្លែងស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានជនបរទេសប្រុសស្រីចំនួន១២១នាក់ មកពី៩សញ្ជាតិ ក្នុងនេះជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) , ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) កេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់ , នេប៉ាល៣នាក់ (ស្រ្តី១នាក់ ) , បង់ក្លាសដេស២ នាក់ និងម៉ាឡេស៊ី១នាក់ ។
ប្រភពដដែលបន្តថា អាជ្ញាធរមានសមត្ថកិច្ចក៏បានរកវត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមាន កុំព្យូទ័រចំនួន ១២៣ គ្រឿង និងទូរសព្ទដៃចំនួន ១៣២ គ្រឿង ត្រូវបានដកហូតដើម្បីទុកជាភស្តុតាង និងបន្តការពិនិត្យផ្នែកបច្ចេកទេស។
បច្ចុប្បន្នជាចំណាត់ការ ជនជាតិចិនចំនួន ៤២ នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថាតាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ស្កេម អនឡាញ ដែលអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបាន កើនឡើងរហូតដល់ ២៤ ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើសស្កេមអនឡាញ នាពេលចុងក្រោយនេះ៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
