លិចទូកតូចផ្សងព្រេង ជនចំណាកស្រុក នៅសមុទ្រមេឌីទែរ៉ាណេ
បរទេស ៖ ទូកតូច ផ្សងព្រេង មួយគ្រឿង ដែលផ្ទុកជនចំណាកស្រុក ជាង១០០នាក់ បានលិច នៅសមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យស្លាប់ និង បាត់ខ្លួនមនុស្ស រាប់សិបនាក់។
បើតាមអង្គការក្រៅរដ្ឋាភិបាល Mediterranea Saving Humans និង Sea-Watch ដែលបានរៀបរាប់ នៅលើបណ្តាញសង្គម បានឲ្យដឹងថា «មនុស្សពីរនាក់ បានស្លាប់ និង ជាង៧០នាក់ កំពុងបាត់ខ្លួន ចេញពីទូក ដែលបានចាកចេញ ពីប្រទេសលីប៊ី កាលពីថ្ងៃទី៤ ខែមេសា ជាមួយនឹងមនុស្សប្រហែល ១០៥ នាក់ នៅលើទូក»។ ប្រភពបញ្ជាក់ទៀតថា «អ្នកនៅរស់រានមានជីវិត មាន៣២នាក់។
អង្គការ Sea-Watch បាននិយាយថា កប៉ាល់ពាណិជ្ជកម្ម ចំនួន ពីរគ្រឿង បានជួយសង្គ្រោះអ្នកនៅរស់ ហើយបានយកពួកគេ ទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី។
អង្គការ Mediterranea Saving Humans បាននិយាយថា ឧបទ្ទវហេតុនេះគឺជា ផលវិបាកនៃគោលនយោបាយរបស់រដ្ឋាភិបាលអឺរ៉ុប ដែលមិនព្រមបើកផ្លូវសុវត្ថិភាព និងផ្លូវច្បាប់ សម្រាប់ជនចំណាកស្រុក។ ច្រក Lampedusa គឺជាច្រកចូលដ៏សំខាន់ សម្រាប់ជនចំណាកស្រុកឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ពីអាហ្វ្រិកខាងជើង ទៅអឺរ៉ុប។
ចាប់តាំងពីដើមឆ្នាំ២០២៦មក មានជនចំណាកស្រុកយ៉ាងតិច ចំនួន ៦៨៣ នាក់ បានបាត់បង់ជីវិត ឬ បាត់ខ្លួន ពីការប៉ុនប៉ងឆ្លងសមុទ្រ នេះបើយោងតាមទីភ្នាក់ងារអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ ហៅកាត់ IOM ។ យោងតាមរដ្ឋាភិបាលអ៊ីតាលី ជនចំណាកស្រុក ចំនួន ៦,១៧៥ នាក់បានទៅដល់ទឹកដី អ៊ីតាលី ក្នុងរយៈពេលដូចគ្នានេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
