សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស
ភ្នំពេញ៖ ដូចកម្មវិធីបានគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីសាធារណរដ្ឋបារាំង។
អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួននៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរ ទស្សនៈទៅលើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោកផងដែរ។
នៅប្រទេសបារាំងដដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាព តែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង (Lyon) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍ សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះគឺ ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នក វិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
តាមកម្មវិធីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូនឹងអញ្ជើញនិវត្តន៍នៅថ្ងៃទី១០ ខែមេសា៕
ដោយ៖វណ្ណលុក





