កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជាង២០០នាក់នៅខណ្ឌសែនសុខ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ កម្លាំងចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែងដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬស្កេម អនឡាញ ( Online scam)ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសច្រើនជាតិសាសន៍ជាង
២០០ នាក់។
ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែលបណ្ដាញព័ត៌មានAMSទទួលបាននៅថ្ងៃទី៧ ខែមេសានេះបានឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យបង្កប់ការប្រពឹ្រត្តបទល្មើស ស្កេម អនឡាញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។
ប្រភពដដែលបន្តថា ក្នុងចំណោមជនបរទេសសរុប ២១៨នាក់មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិនចំនួន ៩៣ នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥ នាក់ និងជនជាតិឡាវ ១ នាក់។
ក្នុងនោះមានមនុស្ស ១១៤ នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។
ក្នុងប្រតិបត្តិការដដែលក្រុមការងារបានដកហូតវត្ថុតាងកុំព្យូទ័រ All in one ១៣៣គ្រឿង, កុំព្យូទ័រយូរដៃ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២ គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២ មួក, អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន៤ សន្លឹក។
យោងតាមការធ្វើកោសល្យវិច័យលើវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ទីតាំងខាងលើមានជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅឆបោកជនជាតិជប៉ុន, និងការឆបោកក្រោមរូបភាព លួងលោមស្នេហា និងក្រោមរូបភាពវិនិយោគ ដែលមាន គោលដៅទៅប្រទេសចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស និង វៀតណាម។
បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺ៖
១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា,
៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ, និង
៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់រហូតដល់ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ដោយ៖មុនី
រូបភាព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)







