អ៊ីស្រាអែល ប្រកាសគាំទ្របទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បាននិយាយ នៅថ្ងៃពុធនេះ ថា ខ្លួនបានគាំទ្រការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្អាកការទម្លាក់គ្រាប់បែក ទៅលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ អះអាងថា បទឈប់បាញ់ មិនរាប់បញ្ចូល ប្រទេសលីបង់។

ទីក្រុងវ៉ាស៊ីនតោន និង ក្រុងតេហេរ៉ង់ បានព្រមព្រៀងបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ កាលពីថ្ងៃអង្គារ នៅត្រឹមតែមួយម៉ោង មុនពេល លោក Trump ប៉ុនប៉ង លុបបំបាត់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួននឹងធានាការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព សម្រាប់ចរាចរណ៍ផ្លូវសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយប្រកាសថា ការផ្អាកនេះ នឹងត្រូវប្រើប្រាស់ សម្រាប់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម។ ការចរចា ត្រូវបានកំណត់ថា នឹងចាប់ផ្តើម នៅថ្ងៃសុក្រ ក្នុងប្រទេសប៉ាគីស្ថាន។

ការិយាល័យ របស់ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្ត របស់ប្រធានាធិបតី Trump ក្នុងការផ្អាក ការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជាថ្នូរ ឲ្យ អ៊ីរ៉ង់ បើកច្រកសមុទ្រ និង បញ្ឈប់ការវាយប្រហារទាំងអស់ លើសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ប្រទេស ក្នុងតំបន់» ។

ប៉ុន្តែ សេចក្តីថ្លែងការណ៍ បាននិយាយថា បទឈប់បាញ់ មិនរាប់បញ្ចូល ប្រទេសលីបង់ ដែលផ្ទុយនឹងការប្រកាសពីមុន របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្រុះសម្រួល នៅក្នុងជម្លោះនេះ។

នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយ នៅថ្ងៃពុធនេះ ថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ “គ្រប់ទីកន្លែង” រួមទាំង ប្រទេសលីបង់ បន្ទាប់ពីការសម្រុះសម្រួល ដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ជាច្រើនសប្តាហ៍៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner