លោក Zelensky ថា ចង់បានបទឈប់បាញ់ ដូច អាមេរិក និងអ៊ីរ៉ង់ ដែរ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា ប្រទេសអ៊ុយក្រែនក៏បានចង់បានបទឈប់បាញ់ជាមួយរុស្ស៊ី ដូចសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ។
តាមរយៈសំណេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ, លោក Zelenskiy អះអាងថា អ៊ុយក្រែន បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបដោយស្មោះស ប្រសិនបើទីក្រុងម៉ូស្គូ ឈប់ធ្វើការវាយប្រហារមកលើខ្លួន ។
លោកបញ្ជាក់ថា «អ៊ុយក្រែន តែងតែអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាម ដែលបង្កឡើងដោយរុស្ស៊ី ហើយយើងគាំទ្របទឈប់បាញ់ នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលត្រួសត្រាយផ្លូវ សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូត» ។
លោកបន្ថែមថា «ច្បាស់ណាស់ មនុស្សគ្រប់គ្នាជឿជាក់ ថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនត្រឹមត្រូវ សម្រាប់កិច្ចព្រមព្រៀងណាមួយ» ។
ទីក្រុង Kyiv បានអំពាវនាវ ម្តងហើយម្តងទៀត ឱ្យទីក្រុងម៉ូស្គូ យល់ព្រមបទឈប់បាញ់ពេញលេញ នៅក្នុងសង្គ្រាមរយៈពេល ៤ ឆ្នាំ ដើម្បីឱ្យភាគីទាំងពីរអាចចរចារកិច្ចព្រមព្រៀងសន្តិភាព ។
យ៉ាងណា រុស្ស៊ី និយាយថា ខ្លួនចង់ឲ្យលក្ខខណ្ឌទូលំទូលាយ ត្រូវបានព្រមព្រៀង មុនពេលដែលខ្លួន ឈប់ប្រយុទ្ធ ។
បើតាម Straitstimes, កន្លងមក អ៊ុយក្រែន ធ្លាប់បានសរសើរ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ខណៈ ទីក្រុងកៀវ តែងចោទថា ទីក្រុងតេហេរ៉ង់ បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក រាប់ពាន់គ្រឿង ឲ្យ រុស្ស៊ី ប្រើប្រាស់ មកវាយប្រហារ មកលើអ៊ុយក្រែន។
ជាងនេះទៅទៀត អ៊ុយក្រែនបានបញ្ជូនអ្នកឯកទេសជាង ២០០ នាក់ ទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ផងដែរ ៕
ប្រភពពី straitstimes ប្រែសម្រួល ៖ សារ៉ាត