ហ្វាំងឡង់ ចាយជាង ៦៣០ លានដុល្លារ ទិញរថក្រោះទំនើបៗចំនួន ១១២ គ្រឿងពី កូរ៉េខាងត្បូង

ប្រទេសហ្វាំងឡង់បានចំណាយលុយដល់ទៅ ៦៣៤ លានដុល្លារ ដើម្បីបញ្ជាទិញរថក្រោះបាញ់ផ្លោងគ្រាប់ដោយស្វ័យប្រវត្តិម៉ាក K9 ពីប្រទេសកូរ៉េខាងត្បូងចំនួន ១១២ គ្រឿងបន្ថែមទៀត ។

បើតាម Yonhap, រថក្រោះ K9 ដែលជាផលិតផលក្នុងស្រុករបស់កូរ៉េខាងត្បូង បានបង្ហាញប្រសិទ្ធភាពខ្ពស់ និងការចល័តខ្លួនប្រកបដោយភាពបត់បែន បូករួមទាំងកម្លាំងវាយប្រហារដ៏មានឥទ្ធិពល បើទោះជាស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់នៅតំបន់អឺរ៉ុបខាងជើងក៏ដោយ ។

ដំណើរការដោយថាមពលម៉ាស៊ូត រថក្រោះ K9 អាចរត់ក្នុងល្បឿនដល់ទៅ ៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសមត្ថភាពអាចធ្វើប្រតិបត្តិការប្រយុទ្ធចាប់ពី ៣៦០ ទៅ ៤៨០ គីឡូម៉ែត្រ ។

ការបញ្ជាទិញបន្ថែមនូវរថក្រោះបាញ់ផ្លោងគ្រាប់ដោយស្វ័យប្រវត្តិនេះ កើតមានឡើង បន្ទាប់ពីទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ហៅកាត់ (KOTRA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងការពារជាតិហ្វាំងឡង់ នៅទីក្រុង Helsinki កាលពីថ្ងៃ ព្រហស្បតិ៍ ។

ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនការពារជាតិខ្នាតយក្សកូរ៉េខាងត្បូង Hanwha Aerospace Co. នឹងផ្គត់ផ្គង់រថក្រោះបាញ់ផ្លោងគ្រាប់ដោយស្វ័យប្រវត្តិម៉ាក K9 ចំនួន ១១២ គ្រឿងទៅឱ្យហ្វាំងឡង់ ។

វាគឺជាកិច្ចសន្យាលើកទី ២ ហើយសម្រាប់ប្រទេសកូរ៉េខាងត្បូងជាមួយប្រទេសអឺរ៉ុបខាងជើងមួយនេះ ខណៈកិច្ចព្រមព្រៀងលើកដំបូង គឺជាការផ្គត់ផ្គង់រថក្រោះ K9 ចំនួន ៩៦ គ្រឿង ដែលធ្វើឡើងកាលពីឆ្នាំ ២០១៧ ។

គិតមកទល់ពេលនេះ រថក្រោះ K9 របស់កូរ៉េខាងត្បូង ត្រូវបានដាក់ឱ្យបម្រើការក្នុងជួរយោធាជាង ១០ ប្រទេស រួមទាំងសមាជិកអង្គការ NATO ចំនួន ៦ ប្រទេសផងដែរ ៕

ប្រភព ៖ Yonhap ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner