លីបង់ ប្តេជ្ញាជំរុញឲ្យអ៊ីស្រាអែល ដកទ័ពចេញ ពីប្រទេស
បេរូត ៖ នាយករដ្ឋមន្ត្រី លីបង់ បានប្តេជ្ញា ថា នឹងធ្វើការប្រឹងប្រែង ដើម្បីសម្រេចបាន នូវការដកទ័ពអ៊ីស្រាអែល ចេញពីប្រទេសរបស់ខ្លួន។
នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam សន្យាថា លោកនឹងបន្តធ្វើការ ដើម្បីធានា ការដកទ័ពអ៊ីស្រាអែល ពោល គឺ បន្ទាប់ពីនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានទៅសួរសុខទុក្ខកងទ័ព ដែលបានឈ្លានពាន ភាគខាងត្បូង របស់ប្រទេសនេះ។
លោក Salam បាននិយាយ នៅក្នុងសុន្ទរកថា នៅមុនថ្ងៃខួប នៃការចាប់ផ្តើម សង្គ្រាមស៊ីវិល ឆ្នាំ១៩៧៥-១៩៩០ កាលពីថ្ងៃអាទិត្យ ថា «យើងនឹងបន្តការងារ របស់យើង ដើម្បីបញ្ឈប់សង្រ្គាមនេះ ដើម្បីធានាការដកទ័ពអ៊ីស្រាអែល ចាកចេញពីទឹកដី របស់យើងទាំងអស់, ការវិលត្រឡប់របស់អ្នកទោស, កសាងភូមិឋាន និង ទីក្រុង ដែលត្រូវបានបំផ្លាញ និងការវិលត្រឡប់ ប្រកបដោយសុវត្ថិភាព របស់អ្នកដែលផ្លាស់ទីលំនៅ» ។
យ៉ាងណា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ចុះទៅជួបកងទ័ព នៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «សង្គ្រាមនៅតែបន្ត រួមទាំងតំបន់សន្តិសុខ ក្នុងប្រទេសលីបង់»។ លោកអះអាង ថា កងកម្លាំងអ៊ីស្រាអែល បានលុបបំបាត់ការគំរាមកំហែង ពីការលុកលុយ របស់ពួកសកម្មប្រយុទ្ធ Hezbollah ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត