នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងហោះទៅម៉ាឡេស៊ី និងប្រ៊ុយណេ ពិភាក្សាពីបញ្ហាប្រេង
កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារ ជាពិសេសការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ប្រទេសពឹងផ្អែកលើការនាំចូល ។
ការិយាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Albanese នឹងធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដើម្បីជួបជាមួយស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
មុនដំណើរទស្សនកិច្ចនេះ លោក Albanese បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីពង្រឹងទំនាក់ទំនង និងសហការជាមួយដៃគូសំខាន់ៗ ដើម្បីរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់យើងឲ្យដំណើរការបានល្អ ។
អូស្ត្រាលី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) កំពូលៗរបស់ពិភពលោក ប៉ុន្តែភាគច្រើនពឹងផ្អែកលើអាស៊ីសម្រាប់ប្រេងឥន្ធនៈ និងជី ដែលកសិករត្រូវការដើម្បីដាំដុះដំណាំស្បៀងអាហារ ។
រីឯម៉ាឡេស៊ី គឺជាប្រភពប្រេងឥន្ធនៈចម្រាញ់រួចធំជាងគេទី ៣ របស់ប្រទេសអូស្ត្រាលី ខណៈដែលអូស្ត្រាលីបានផ្គត់ផ្គង់ ៩៥ ភាគរយនៃឧស្ម័នធម្មជាតិរាវទៅឲ្យម៉ាឡេស៊ី ។
ប្រ៊ុយណេ និងម៉ាឡេស៊ី ក៏ជាអ្នកផ្គត់ផ្គង់ជីដ៏សំខាន់ដល់អូស្ត្រាលីផងដែរ ប៉ុន្តែប្រទេសអាស៊ីបានរងសម្ពាធពីការកើនឡើងតម្លៃថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា