អូស្ត្រាលី និងជប៉ុន ចុះកុងត្រាទិញលក់នាវាចម្បាំងក្នុងតម្លៃ ៧ ពាន់លានដុល្លារ
កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលី និងជប៉ុន កាលពីថ្ងៃ សៅរ៍ បានចុះហត្ថលេខាលើកិច្ចសន្យារួមគ្នាដ៏ធំមួយ ក្នុងទឹកប្រាក់រហូតដល់ ៧ ពាន់លានដុល្លារ ដោយទីក្រុងតូក្យូ នឹងផលិតនាវាចម្បាំងចំនួន ៣ គ្រឿងដំបូង ក្នុងចំណោម ១១ គ្រឿងប្រគល់ទៅឱ្យទីក្រុងកង់បេរ៉ា ក្នុងរយៈពេល ៣ ឆ្នាំ ។
បើតាម Al Jazeera, វាគឺជាកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ ២០២៥ ហើយក៏ជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុន ចាប់តាំងពីប្រទេសនេះ បានលុបចោលបម្រាមលក់អាវុធក្នុងឆ្នាំ ២០១៤ និងសង្រ្គាមលោកលើកទី ២ ។
ស្ថិតក្រោមកិច្ចសន្យានេះ ក្រុមហ៊ុន Mitsubishi របស់ជប៉ុន នឹងផ្គត់ផ្គង់នាវាចម្បាំងប្រភេទ Mogami ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចំនួន ៣ គ្រឿងដំបូង និងផលិតក្នុងប្រទេសជប៉ុន ទៅឱ្យកងទ័ពជើងទឹកអូស្ត្រាលី ចាប់ពីឆ្នាំ ២០២៩ ។ រីឯនាវាចម្បាំងចំនួន ៨ គ្រឿងទៀត នឹងត្រូវសាងសង់ក្នុងទឹកដីប្រទេសអូស្ត្រាលី ។
អូស្ត្រាលីគ្រោងដាក់ពង្រាយនាវាចម្បាំងទាំងនេះ ដើម្បីប្រមាញ់នាវាមុជទឹក និងនាវាចម្បាំង ព្រមទាំងផ្តល់ការការពារផ្លូវអាកាស ដើម្បីការពារផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់ និងវិធីសាស្រ្តភាគខាងជើងរបស់ខ្លួននៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ជាកន្លែងដែលឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងខ្លាំង ។
បន្ទាប់ពីបានស៊ីញ៉េលើក្រដាសកិច្ចសន្យា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ជាទិញនាវាចម្បាំងជប៉ុន គឺជាការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងសមត្ថភាពប្រយុទ្ធតាមផ្លូវទឹករបស់កងទ័ពជើងអូស្រ្តាលី ជាពិសេសវានឹងជួយធានាសុវត្ថិភាពផ្លូវពាណិជ្ជកម្មតាមដែនសមុទ្រ ។
រីឯរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានបន្ថែមថា កិច្ចព្រមព្រៀងការពារជាតិនេះ ពិតជាមានសារៈសំខាន់ណាស់ ខណៈដែលអូស្ត្រាលី-ជប៉ុន បានប្រឈមមុខនឹងបរិយាកាសសន្តិសុខកាន់តែតានតឹងខ្លាំងឡើង ។
គួរកត់សម្គាល់ អូស្ត្រាលីបានប្តេជ្ញាដកលុយចេញពីហោប៉ៅពង្រឹងផ្នែកយោធាដល់ទៅ ៣០៥ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ជាផ្នែកមួយនៃការផ្លាស់ប្តូរវិស័យការពារជាតិយ៉ាងទូលំទូលាយ ក្នុងគោលបំណងជំរុញអំណាចកងទ័ពជើងទឹកអូស្ត្រាលី ឱ្យដល់កម្រិតដែលមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។
ស្ថិតក្រោមផែនការនេះ អូស្រ្តាលីបានដាក់មហិច្ឆតាចំណាយលើវិស័យការពារជាតិហក់ឡើងដល់ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ៣០៣៣ ៕
ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា