ក្រុមសិទ្ធិមនុស្សថា លោក ត្រាំ, លោក ណេតាន់យ៉ាហ៊ូ និងលោក ពូទីន សុទ្ធតែចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី គួរឱ្យខ្លាច

បរទេស ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃអង្គារនេះ បានរិះគន់ចំៗថា ទាំងលោក Donald Trump, លោក Benjamin Netanyahu និងលោក Vladimir Putin សុទ្ធសឹងតែជាមេដឹកនាំកំពុងស្វែងរកការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលមានលក្ខណៈគួរឲ្យភ័យខ្លាច ។

លោកស្រី Agnes Callamard អគ្គលេខាធិការ អង្គការលើកលែងទោសអន្តរជាតិនិយាយថា មេដឹកនាំកំពូលទាំងបីនេះសុទ្ធតែបានច្រានចោលប្រព័ន្ធពហុភាគី ដែលបានបង្កើតឡើង តាំងពីសង្គ្រាមលោកលើកទី ២ ។

លោកស្រីថា «ពេញមួយឆ្នាំ ២០២៥, លោក Trump, លោក Putin និង លោក Netanyahu បានបន្តការត្រួតត្រាសេដ្ឋកិច្ច និង នយោបាយ តាមរយៈការបំផ្លិចបំផ្លាញអន្តរជាតិ, ការគាបសង្កត់ និង អំពើហឹង្សា ក្នុងទ្រង់ទ្រាយធំ ។

លោកស្រី បន្តថា មេដឹកនាំទាំងនេះ កំពុងបំផ្លាញអ្វីៗទាំងអស់ តាមរយៈការត្រួតត្រា និង ការលោភលន់ ព្រមទាំង ការរំលោភលើមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្សជាសកលផងដែរ ។

បើតាម Japantimes, លោកស្រី អគ្គលេខាធិការ អង្គការលើកលែងទោសអន្តរជាតិរូបនេះ ក៏បានរិះគន់ដល់ សហភាពអឺរ៉ុប ដែលបានត្រឹមតែ ប្រើប្រាស់ជម្រើសលួងលោម ខណៈដែល ជម្លោះកំពុងកើនឡើង នៅតំបន់មជ្ឈិមបូព៌ា គឺជាឧទាហរណ៍ ចុងក្រោយបំផុត នៃសណ្តាប់ធ្នាប់ពិភពលោក ដ៏ឃោឃៅ បែបថ្មី។

ជុំវិញ តំបន់ ហ្គាហ្សា លោកស្រី Agnes Callamard អះអាងថា បណ្តារដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក បានបរាជ័យ ក្នុងការចាត់វិធានការ បញ្ឈប់ការប្រល័យពូជសាសន៍ នៅទីនោះ៕

ប្រភពពី ៖ Japantimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner