គ្រូវិសាខា បញ្ជាក់ថា ក្រុមអគ្គិសនីកម្ពុជា ការពារច្រើនជាងប្រយុទ្ធធ្វើឲ្យក្រុមរបស់គាត់ពិបាកលេងបន្តិច
ការពារច្រើនជាងប្រយុទ្ធ របស់ក្រុមអគ្គីសនីកម្ពុជា បានធ្វើឲ្យគ្រូក្លឹបបាល់ទាត់វិសាខា លោក ហុក សុជីវ័ន ថា ពិបាកលេង ការថ្លែងបែបនេះក្រោយ ក្រុមម្ចាស់វិសាខា ៤:០ ក្រុមអគ្គីសនីកម្ពុជា ក្នុងការប្រកួតសន្សំពិន្ទុ នៅសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានវិសាខា កាលពីចុងសប្ដាហ៍កន្លងទៅ ។

គ្រូបង្វឹកក្លឹបវិសាខា លោក ហុក សុជីវ័ន បានលើកឡើងថា «តង់ទី១ យើងមានឱកាសច្រើន ប៉ុន្តែមិនទទួលបានលទ្ធផល ដោយសារទម្រង់លេងរបស់ ក្រុមអគ្គីសនីកម្ពុជាស្ទើរទាំងអស់ចុះមកការពារ ទុកតែម្នាក់សម្រាប់ប្រយុទ្ធ ដូច្នេះហើយទើបធ្វើយើងពិបាកលេង ។ ម្យ៉ាងទៀតតង់ទី១ ក្រុមទាំង២ ពេញកម្លាំងដូចគ្នា ។ តែយ៉ាងណាលោកនៅតែពេញចិត្ត ចំពោះការសហការរបស់កូនក្រុម រហូតទទួលបាន ៣ពិន្ទុបន្ថែម ក្នុងសប្ដាហ៍ទី៤ ។

ដោយឡែកគ្រូក្លឹប អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបជាមួយក្រុមខ្លាំងវិសាខា លោកចង់បានត្រឹមតែស្មើរ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុក ពីព្រោះបន្ទាប់ពីសម្រាកចូលឆ្នាំកម្លាំងមួយចំនួនមានការបាត់បង់ ម្យ៉ាងទៀតក្រុមវិសាខាជាក្រុមមួយខ្លាំង ហើយកីឡាករបរទេសច្រើន ។

៤គ្រាប់របស់ក្រុមវិសាខា រកបានដោយកីឡាករ Pak Song Cholទិត្យ ឌីណា Enavgelos និងកីឡាករ Ideguchi Masaaki។ លទ្ធផលនេះបានធ្វើឲ្យក្លឹប វិសាខា ឈរលេខ៣ដដែល មាន ១០ពិន្ទុ ស្មើ ក្រុមលេខ២ ក្រសួងការពារជាតិ ដោយ៤ប្រកួត ឈ្នះ៣ និងស្មើ១ មិនទាន់ស្គាល់ចាញ់គ្នា តាមពីក្រោមក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ២ពិន្ទុ ។ ចំណែកឯក្រុមអគ្គិសនីកម្ពុជា មាន ៦ពិន្ទុ ឈរលេខរៀងទី៨ ដោយ ៤ប្រកួត ឈ្នះ២ និងចាញ់២ ៕ធ.ដ
