ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់នៅស្រុករំដួល ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សី
MC៖ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងអំពីករណីជំងឺផ្ដាសាយបក្សីលើស្ត្រីអាយុ ៦៦ឆ្នាំម្នាក់រស់នៅស្រុករំដួល ខេត្តស្វាយរៀង ខណៈពេលនេះកំពុងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ឱ្យដឹងថា មានករណីជំងឺផ្តាសាយបក្សីចំនួន១ករណីកើតលើស្ត្រីអាយុ៦៦ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ពេលនេះត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺមានមាន់ឈឺ និងងាប់ហើយក៏បានយកមកធ្វើម្ហូប។
ប្រភពដដែលបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ
ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាម៊ីក្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់
សុខភាពនៅឡើយ ។ក្រសួងបានប្រាប់ថា ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា ។សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
គប្បីជម្រាបជូនថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។
ចំណែកវិធីបង្ការវិញគឺកុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ ៕
ដោយ៖មុនី

