សៀវភៅ The Father Who Shielded and Never Left បានធ្វើឲ្យពិភពលោកយល់ពីតម្លៃកម្ពុជាកាន់តែច្បាស់ អំពី ការការពារជីវិតពលរដ្ឋ និងសន្តិភាព ដែលមានតម្លៃខ្ពស់ជាងការឈ្នះចាញ់ដោយអាវុធ
ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ សំណួរមួយបានក្លាយជាប្រធានបទដេញដោលក្នុងចំណោមអ្អ្នកនយោបាយអន្តរជាតិ និងបណ្ដារសារព័ត៌មាន តើអ្វីទៅដែលធ្វើឱ្យយុទ្ធសាស្ត្ររបស់មេដឹកនាំកម្ពុជាមានតម្លៃរហូតដល់កំរិតអន្តរជាតិមានការចាប់អារម្មណ៍? ចម្លើយនៃសំណួរនេះ ត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅក្នុងសៀវភៅ “The Father Who Shielded and Never Left” ដែលកំពុងទទួលបានការកោតសរសើរពីបណ្ដាសារព័ត៌មានបរទេសល្បីៗ។
យោងតាមការចុះផ្សាយ និងការវិភាគពីមជ្ឈដ្ឋានអន្តរជាតិ មូលហេតុចម្បងដែលធ្វើឱ្យយុទ្ធសាស្ត្ររបស់កម្ពុជាក្លាយជា «គំរូសកល» គឺផ្អែកលើចំណុចយុទ្ធសាស្ត្រចំនួន ៣៖
១. យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» គឺជាមេរៀនសន្តិភាពរបស់កម្ពុជា សារព័ត៌មានអន្តរជាតិបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប កម្រមានមេដឹកនាំរូបណាដែលអាចរំលាយអង្គការចាត់តាំងដែលប្រដាប់អាវុធពេញដៃ ឱ្យមកចុះចូល និងបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការបង្ហូរឈាមដូចសម្ដេចតេជោ ហ៊ុន សែន ណាស់។ យុទ្ធសាស្ត្រនេះមិនមែនគ្រាន់តែជាការបញ្ចប់សង្គ្រាមទេ ប៉ុន្តែវាគឺជា «ប្លង់មេសន្តិភាព» ដែលប្រើប្រាស់ការទុកចិត្ត និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលជាដំណោះស្រាយដ៏កម្រសម្រាប់ជម្លោះពិភពលោកបច្ចុប្បន្ន។

២. ទស្សនៈនៃការតម្កល់ជីវិតមនុស្សជាតិជាធំ អន្តរជាតិស្ងើចសរសើរចំពោះភាពជាមេដឹកនាំដែលហ៊ានធ្វើខ្លួនជា «ខែលការពារ» ប្រជាជាតិ។ សៀវភៅ “The Father” បានបង្ហាញថា ថ្នាក់ដឹកនាំកម្ពុជាមិនដែលបោះបង់ប្រជាជនចោលក្នុងគ្រាអាសន្នឡើយ។ ជាក់ស្ដែង ភាពឆ្លាតវៃ និងការអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយវិបត្តិព្រំដែនឆ្នាំ ២០២៥-២០២៦ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាឱ្យតម្លៃលើការការពារជីវិតមនុស្សជាតិខ្ពស់ជាងការចង់ឈ្នះចាញ់ដោយអាវុធ។

៣. ការបំប្លែង «វាលពិឃាត» មកជា «ដែនដីអភិវឌ្ឍន៍» ពិភពលោកចាត់ទុកកម្ពុជាជាអច្ឆរិយៈនៃការងើបឡើងវិញ។ ពីប្រទេសដែលខ្ទេចខ្ទីដល់បាតដី កម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនមួយក្នុងតំបន់។ ស្ថិរភាពនយោបាយ និងការបន្តវេនដោយរលូន គឺជាសក្ខីភាពដែលអន្តរជាតិឱ្យតម្លៃថា កម្ពុជាមាន «រូបមន្តដឹកនាំ» ដ៏ត្រឹមត្រូវដែលធានាបាននូវនិរន្តរភាពជាតិ។

ការដែលសារព័ត៌មានបរទេសសម្រុកចុះផ្សាយ និងចាត់ទុកកម្ពុជាជាគំរូ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាជាការទទួលស្គាល់នូវការពិតនៃមរតកសន្តិភាពដែលរកបានដោយលំបាក។ សៀវភៅ “The Father Who Shielded and Never Left” បានក្លាយជាសាក្សីប្រវត្តិសាស្ត្រដែលប្រាប់ពិភពលោកថា «ភាពជាអ្នកដឹកនាំពិតប្រាកដ គឺភាពជាអ្នកការពារសន្តិភាព»។ នេះគឺជាមោទនភាពដ៏ធំធេងដែលកូនខ្មែរគ្រប់រូបត្រូវដឹង និងរួមគ្នាថែរក្សាមរតកនេះឱ្យស្ថិតស្ថេរជានិរន្តរ៍៕