ក្រុមប្រឹក្សាសន្តិសុខជាតិថៃ លុបអនុស្សរណៈ៤៤ ជាមួយកម្ពុជា ហើយងាកទៅរកយន្តការអន្តរជាតិ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បាននិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចចិត្តលុបចោល អនុស្សរណៈ(MOU) ៤៤ ជាមួយកម្ពុជា ហើយងាកទៅប្រើប្រាស់ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ជំនួសវិញ។
MoU ៤៤ ឬ MoU ២០០១ ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។
យោងតាមកាសែតថៃ The Nation និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះ លោក អានុទីន ឳ្យដឹងថា ក្រសួងការបរទេស នឹងរៀបចំសំណើសុំការអនុម័តពីរគណៈរដ្ឋមន្ត្រី ដើម្បីលុប MoU ៤៤ ជាមួយកម្ពុជា ហើយយន្តការ UNCLOS នឹងត្រូវប្រើប្រាស់ជំនួសវិញ។
ឆ្លើយតបបញ្ហានេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ យល់ឃើញថាការងាកទៅប្រើប្រាស់ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិរបស់ប្រទេសថៃ គឺជាឱកាសល្អសម្រាប់កម្ពុជា។ មានន័យថាកម្ពុជា គឺជាសមាជិក UNCLOS ដូច្នេះ កម្ពុជាអាចមានសិទ្ធិប្រើប្រាស់យន្តការនេះ ដើម្បីប្រឆាំងភាគីណាមួយដែលរំលោភដែនទឹករបស់ខ្លួន។

ឯកឧត្តមបញ្ជាក់ថា«ការដែលគាត់ចង់ងាកទៅប្រើច្បាប់ហ្នុងខ្ញុំគិតថាយើងនៅតែមានឱកាសល្អ។ អ្វីដែលគាត់លុបចោលនេះជាការបើកផ្លូវទៅរកពហុភាគី។ យើងត្រូវការយន្តការពហុភាគី»។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថាការលុប MoU 44 របស់រដ្ឋាភិបាលថៃ គ្រាន់ជាលេសក្នុងការស្វែងរកប្រជាប្រិយភាព ប៉ុណ្ណោះ។ លោកយល់ឃើញថាកម្ពុជា-ថៃ គួរតែកំណត់ព្រំដែនគោកដាច់ស្រេចជាមុនសិន បើសិនថៃ ចង់ដោះស្រាយជម្លោះតាមនីតិវិធីច្បាប់អន្តរជាតិ។

លោកបណ្ឌិតបញ្ជាក់ថា «អ៊ីចឹងនៅពេលដែលថៃចង់អនុវត្តន៍ច្បាប់សមុទ្រអន្តរជាតិវិញ មើលមកថាគាត់មានប្រៀប ថាគាត់ឈ្នះ។ ប៉ុន្តែ យើងទៅអនុវត្តច្បាប់សមុទ្រយ៉ាងម៉េចកើតបើមិនទាន់បែងចែកការវាស់វែងបង្គោលព្រំដែនគោកឳ្យបានច្បាស់ផងនោះ»។
UNCLOS គឺជាច្បាប់អន្តរជាតិសម្រាប់ការកំណត់ស្តីពីច្បាប់គ្រប់គ្រង និងសិទ្ធិក្នុងការអនុវត្តសិទ្ធិអធិបតេយ្យភាពក្នុងដែនសមុទ្រដែលកំណត់ដោយច្បាប់ ស្របពេលដែល MoU គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋដែលកំណត់លើទិដ្ឋភាព ឬកំណត់យន្តការគ្រប់គ្រង និងបែងចែកផលលាភណាមួយក្នុងតំបន់ដែនសមុទ្រជិតខាង ឬអន្តរជាតិ។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ យល់ឃើញថា ប្រទេសថៃ ចង់ងាកមកប្រើយន្តការ UNCLOS ដើម្បីគេចចេញពីកាត្វកិច្ច និងសម្ពាធដូចមានចែងដោយ MoU 44។
លោកបន្តថា រដ្ឋាភិបាលថៃ គឺផ្តោតសំខាន់លើអំណាចនយោបាយ និងកម្លាំងយោធាក្នុងការទាមទារលើការគ្រប់គ្រងដែនសមុទ្រដែលត្រួតស៊ីគ្នាជាមួយនឹងកម្ពុជា។ ផ្ទុយទៅវិញបើផ្អែកតាម MoU 44 ថៃមិនអាចធ្វើការអភិវឌ្ឍណាមួយដោយឯកឯងបានឡើយ។
សម្រាប់កម្ពុជា MoU 44 គឺជាគោលការណ៍ នឹងជាក្របខ័ណ្ឌច្បាប់មួយដែលថែររក្សាការពារអធិបតេយ្យរបស់កម្ពុជាក្នុងដែនសមុទ្រ និងអនុញ្ញាតឳ្យទាំងថៃ និងកម្ពុជា អាចអភិវឌ្ឍនៅក្នុងតំបន់ត្រួតស៊ីគ្នាបាន៕
ដោយ៖ខន ណារី
