មនុស្សជាង ៣០ លាននាក់ ធ្លាក់ក្នុងភាពក្រីក្រដោយសារសង្គ្រាមអ៊ីរ៉ង់
អ.ស.ប ៖ សង្គ្រាមអ៊ីរ៉ង់កំពុងរុញច្រានមនុស្សជាង ៣០ លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ រួមទាំងរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជី ស្របពេលដែលកសិករកំពុងដាំដំណាំ ។
ជម្លោះប្រដាប់អាវុធនេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ផងដែរ ខណៈមូលនិធិបានថយចុះ តែតម្រូវការកើនឡើងនៅកន្លែងប្រឈមមុខនឹងគ្រាអាសន្នធ្ងន់ធ្ងររួចទៅហើយ រួមមានស៊ូដង់ ហ្គាហ្សា និងអ៊ុយក្រែន ។
ប្រធានផ្នែកអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ លោក Alexander De Croo និយាយថា កង្វះខាតជី ដែលកាន់តែអាក្រក់ទៅៗ ដោយសារការបិទនាវាដឹកទំនិញមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្វើឲ្យផលិតភាពកសិកម្មថយចុះរួចទៅហើយ ។
លោកថា អសន្តិសុខស្បៀង នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរបីខែទៀត ហើយផលវិបាកផ្សេងទៀតនៃវិបត្តិនេះ រួមទាំងកង្វះខាតថាមពល និងការធ្លាក់ចុះនៃប្រាក់បញ្ញើ ។
កាលពីដើមខែមេសា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានថា សង្គ្រាមអ៊ីរ៉ង់ នឹងជំរុញឱ្យតម្លៃស្បៀងអាហារកើនឡើង ដែលធ្វើឱ្យប្រជាជនងាយរងគ្រោះបំផុតរបស់ពិភពលោក កាន់តែមានបន្ទុកធ្ងន់ថែមទៀត ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា