អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award”
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល PillTech ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតពានរង្វាន់“Entrepreneurs for Resilience Award” នៃកម្មវិធី Swiss Re Foundation។
PillTech ត្រូវបានជាប់ជាធុរកិច្ចថ្មីល្អបំផុតទាំង៣ (Top 3) លើពិភពលោក សម្រាប់ពានរង្វាន់ “Entrepreneurs for Resilience Award” ។ ដំណើរការជ្រើសរើសបានឆ្លងកាត់ពីវគ្គជម្រុះពីធុរកិច្ចថ្មីចំនួន៣០៧ ក្រុម ឈានដល់ ១៥ ក្រុមនិងបន្តទៅវគ្គផ្តាច់ព្រាត់ដោយរើសយក ៥ ក្រុមចុងក្រោយត្រូវបានអញ្ជើញអោយធ្វើបទបង្ហាញគម្រោងជូនគណៈកម្មការវាយតម្លៃដោយផ្ទាល់នៅទីក្រុង Zurich ប្រទេសស្វីសដើម្បីរើសយកធុរកិច្ចថ្មីល្អបំផុត៣ក្រុម។
ជាមួយនឹងសមិទ្ធផលនេះ PillTech ក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភជាច្រើន ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស និងការភ្ជាប់ទំនាក់ទំនងទៅកាន់វិនិយោគិន និងដៃគូអន្តរជាតិជាច្រើន។
ការឈានដល់ចំណាត់ថ្នាក់លេខ ៣ នៅលើឆាកអន្តរជាតិ បានបង្ហាញពីសក្តានុពល ភាពរឹងមាំ និងសមត្ថភាពនវានុវត្តន៍របស់កម្ពុជា ក្នុងការបង្កើតដំណោះស្រាយសុខាភិបាល និងជាកម្លាំងជំរុញសម្រាប់សហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ឲ្យបន្តឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
គួររំលឹកផងដែរថា PillTech ជាធុរកិច្ចថ្មីឌីជីថលដែលទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទទួលជោគជ័យខ្លាំងលើទីផ្សារក្នុងស្រុក និងធ្លាប់ឈ្នះ ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២១ និង មេដាយមាសអាស៊ានផ្នែកធុរកិច្ចថ្មី ឆ្នាំ២០២១ ព្រមទាំងបានចូលរួមកម្មវិធីពន្លឿនអាជីវកម្មរបស់ Plug and Play ផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ