សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋាននៅខេត្តកំពង់ចាម

បន្ទាប់ពីអាក់ខានមួយរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម ចំនួន១ ១៩៣នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ចាម ។

ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលេចនូវសមិទ្ធផលធំៗ ៤ រួមមាន ៖ សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបាន បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។ សមិទ្ធផលធំទី២ គឺការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូន ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើមសម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ ។ សមិទ្ធផលធំទី៣ គឺការអភិវឌ្ឍមូលដ្ឋានបន្ថែម ដែលមានការកើនឡើងទាំងបរិមាណ និងគុណភាព ។ សមិទ្ធផលធំទី៤ គឺជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្ត ទំហំ ៣,០៧៣ លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារ ក្នុងម្នាក់ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាកម្មវិធីដំបូង នៃដំណើរចុះជួបមន្ត្រីជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេស ក្រោយទទួលបានការគាំទ្រក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា ដោយចាប់ផ្តើមចេញខេត្តកំពង់ចាម បន្ទាប់មក គឺខេត្តត្បូងឃ្មុំ នឹងខេត្តដទៃទៀតជាបន្តបន្ទាប់ ដែលជាដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះជាតិឆ្នាំ២០២៨ ។

សម្ដេចតេជោ បានថ្លែងកោតសរសើរចំពោញគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ក្នុងនោះអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា និងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ដែលខិតខំបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើទោះបីមិនសុក្រិត្យល្អ ១០០ភាគរយក៏ដោយ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានថា ការចុះជួបមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មិនមែនជារឿងថ្មីនោះទេសម្រាប់សម្តេចតេជោ ហ៊ុន សែន ហើយកម្មវិធីជួបក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលសុទ្ធជាមន្ត្រី សមាជិកបក្ស និងជាមន្ត្រីគ្រប់គ្រង ដឹកនាំ និងផ្តល់សេវានៅមូលដ្ឋាននេះ គឺជាវេលាដ៏ មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ដំណើររបស់សម្ដេចតេជោ ចុះតាមខេត្តជួបជាមួយសមាជិក ក្រុមប្រឹក្សា គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញារបស់សម្ដេចតេជោ គឺធ្វើយ៉ាង ណាឱ្យសមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត ជាពិសេស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតព្រឹទ្ធសភា។ ដូច្នេះដំណើររបស់សម្តេចតេជោ ចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ គឺធ្វើយ៉ាងណាឱ្យ អង្គបោះឆ្នោតមានភាពជិតស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា និងក៏ជាការឱកាសក្រើនរំលឹក និងជំរុញបន្ថែមទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និងកាន់តែល្អក្នុងការផ្ដល់សេវានានា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner