លោក ត្រាំ ថា អាមេរិក មានសន្លឹកបៀរទាំងអស់ ក្រោយលុបចោលការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ជុំថ្មី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារបែបឌៃដង ក្រោយលុបចោលគម្រោងបញ្ជូនមន្តី្រជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចរចាសន្តិភាពជាមួយអ៊ីរ៉ង់ជុំថ្មី ថា សហរដ្ឋអាមេរិក មានសន្លឹកបៀទាំងអស់នៅក្នុងដៃ រីឯអ៊ីរ៉ង់វិញ គ្មានសល់អ្វីទាល់តែសោះនៅក្នុងដៃ ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានពីហេតុផលលុបចោលគម្រោងចរចាជុំថ្មីនេះថា លោកមិនចង់ឲ្យប្រេសិតពិសេស និងកូនប្រសារបស់លោក គឺលោក Jared Kushner ទៅខាតពេលវេលាឥតប្រយោជន៍នោះទេ ។ លោកថា បើអ៊ីរ៉ង់ពិតជាចង់ចរចាមែន អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេច ។
នៅពេលត្រូវបានសាកសួរថាតើការលុបចោលការចរចានេះ មានន័យថា សង្គ្រាមនឹងផ្ទុះឡើងវិញឬទេ ? លោក Trump បានឆ្លើយយ៉ាងខ្លីថា វាមិនទាន់ដល់ថ្នាក់ហ្នឹងទេ ហើយលោកក៏មិនទាន់បានគិតដល់រឿងហ្នឹងដែរ ។
បើតាម BBC, ដើមចងនៃជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ គឺស្ថិតនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយរបស់ពិភពលោក ។
សង្គ្រាមនៅមជ្ឈិមបូព៌ានេះទៀតសោត ក៏មានជាប់ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដែលអាមេរិកសង្ស័យថា អ៊ីរ៉ង់កំពុងលួចផលិតគ្រាប់បែកបរមាណូ ប៉ុន្តែអ៊ីរ៉ង់តែងតែបដិសេធ និងអះអាងថា ពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីប៉ុណ្ណោះ ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា