វិបត្តិស្បៀងអាហារពិភពលោក អូសទាញមនុស្សជាង ២៦០ លាននាក់ធ្លាក់ចូលស្ថានភាពអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងឆ្នាំ ២០២៥
បរទេស ៖ យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញពីទំហំ និងផលប៉ះពាល់នៃវិបត្តិស្បៀងអាហារនៅជុំវិញពិភពលោក ដោយប្រជាជនប្រហែល ២៦៦ លាននាក់បានជួបប្រទះនឹង “កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ” ក្នុងឆ្នាំ ២០២៥ ។
តួលេខនេះបង្ហាញថា ២២,៩ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេស និងដែនដីចំនួន ៤៧ បានរងផលប៉ះពាល់វិបត្តិស្បៀងអាហារនៅជុំវិញពិភពលោក ហើយចំនួននេះ បានកើនឡើងជិតទ្វេដង ចាប់តាំងពីឆ្នាំ ២០១៦ ។
អ្នកនាំពាក្យរងរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បានប្រាប់អ្នកសារព័ត៌មានថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៦ គឺ “គួរឱ្យព្រួយបារម្ភខ្លាំង” ។ លោកថា ជម្លោះប្រដាប់អាវុធដែលកំពុងកើនឡើង វិបត្តិអាកាសធាតុ និងការរំខានដល់ទីផ្សារពិភពលោក កំពុងគំរាមកំហែងដល់ការជំរុញឱ្យកុមារកាន់តែច្រើនឡើង ធ្លាក់ចូលទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
របាយការណ៍ថ្មីដែលចេញផ្សាយកាលពីថ្ងៃ សុក្រ ដោយអង្គការស្បៀងអាហារ និងកសិកម្ម ព្រមទាំងអង្គការផ្សេងៗទៀត ក៏បានអះអាងថា សង្គ្រាម និងអសន្តិសុខ គឺជាកត្តាជំរុញចម្បងនៃកង្វះស្បៀងអាហារធ្ងន់ធ្ងរ ។ តួយ៉ាង គិតត្រឹមតែតំបន់ហ្គាហ្សាមួយប៉ុណ្ណោះ មានប្រជាជនប្រហែល ២ លាននាក់ ត្រូវបានគេរាយការណ៍ថា បានរងផលប៉ះពាល់ពីវិបត្តិនេះ ។
ផ្អែកតាមរបាយការណ៍នេះ ទីផ្សារថាមពល និងជី ក៏កំពុងរងផលប៉ះពាល់ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រដ៏សំខាន់ Hormuz ។ ទន្ទឹមគ្នា របាយការណ៍ដដែលក៏ព្រមានផងដែរថា ការរំខានដល់ការដឹកជញ្ជូនដែលនៅតែបន្ត អាចបង្កើតហានិភ័យកាន់តែទូលំទូលាយ សម្រាប់ទីផ្សារកសិកម្ម និងស្បៀងអាហារពិភពលោក ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា